(អាមេរិក)៖ បាតុកម្មដែលបានផ្ទុះឡើងនៅទីក្រុង Los Angeles នៃរដ្ឋ California របស់សហរដ្ឋអាមេរិក បាននិងកំពុងតែបន្ត បើទោះបីជាកងកម្លាំងឆ្មាំជាតិ ត្រូវបានដាក់ពង្រាយក៏ដោយ។

បាតុកម្មខាងលើ ដែលចាប់ផ្តើមតាំងពីយប់ថ្ងៃសុក្រសប្តាហ៍មុន មានគោលដៅសម្តែងការតវ៉ាចំពោះ ទីភ្នាក់ងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងអន្តោប្រវេសន៍ខុសច្បាប់ ហៅកាត់ថា ICE។ បាតុកម្មនេះ បានប្រែក្លាយជាអំពើ ហិង្សាយ៉ាងក្តៅគគុក ដោយអ្នកតវ៉ាបានប៉ះទង្គិច ជាមួយកងកម្លាំងសន្តិសុខ ហើយដុតបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ។ មកទល់ពេលនេះ មនុស្សយ៉ាងហោច ៦០នាក់ ត្រូវបានចាប់ខ្លួន។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជូនកងទ័ពឆ្មាំជាតិប្រមាណ២០០០នាក់ ឱ្យដាក់ពង្រាយនៅទីក្រុង Los Angeles ដើម្បីស្តារច្បាប់និងសណ្តាប់ធ្នាប់ឡើងវិញ ខណៈអភិបាលរដ្ឋ California បានរិះគន់ថា ការដាក់ពង្រាយនេះ គឺខុសច្បាប់៕