(សេអ៊ូល)៖ ប្រព័ន្ធផ្ស្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូង ជិតសម្រចបាននូវកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ៦ពាន់លានដុល្លារដើម្បីផ្គត់ផ្គង់រថក្រោះ K2 ចំនួន ១៨០គ្រឿងសម្រាប់ប្រទេសប៉ូឡូញ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ ២០២៥។

ទីភ្នាក់ងារសារព័ត៌មាន Yonhap រាយការណ៍ថា នៅក្នុងកុងត្រា ក្រុមហ៊ុន Hyundai Rotem របស់កូរ៉េខាងត្បូង ដែលមានជំនាញខាងឧស្សាហកម្មអាវុធ នឹងផលិតរថក្រោះចំនួន ១១៧គ្រឿង ហើយនៅសល់ប៉ុន្មា​នគ្រឿងនឹងផលិតដោយក្រុមហ៊ុន Polish Armaments Group ដែលជាកម្មសិទ្ធិរបស់រដ្ឋប៉ូឡូញ។

ពិធីចុះហត្ថលេខាលេីកុងត្រានោះ ទំនងជានឹងប្រព្រឹត្តទៅនាចុងខែមិថុនា នៅក្នុងប្រទេសប៉ូឡូញ។ កូរ៉េខាងត្បូង ចង់ប្រើប្រាស់កុងត្រានេះជាមូលដ្ឋានគ្រឹះសម្រាប់យុគសម័យយោធា-ឧស្សាហកម្ម ដោយក្រុមហ៊ុនអាវុធនៃប្រទេសទាំងពីរសង្ឃឹមថានឹងមកបំពេញស្តុកអាវុធរបស់អឺរ៉ុប​ សម្រាប់ទៅថ្ងៃអនាគត។

គួរបញ្ជាក់ថា កុងត្រាផ្គត់ផ្គង់រថក្រោះ K2 ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងឆ្នាំ ២០២២ ត្រូវបានគេរំពឹងថាអាចបញ្ចប់កាលចុងឆ្នាំមុនមកម្ល៉េះ ប៉ុន្តែហាក់ដូចជាត្រូវបានពន្យារពេលមួយផ្នែកដោយសារតែវិបត្តិនយោបាយក្នុងស្រុករបស់កូរ៉េខាងត្បូង៕