(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋ California លោក Gavin Newsom បានថ្កោលទោស ការសម្រេចចិត្ត «បែបឡប់សតិ» របស់ប្រធានាធិបតី «ប្រើអំណាចផ្តាច់ការ» លោក ដូណាល់ ត្រាំ ក្នុងការបញ្ជូនកងទាហានម៉ារីនរាប់រយនាក់ មកកាន់ទីក្រុង Los Angeles (LA) បន្ទាប់ពីមានផ្ទុះបាតុកម្មប៉ុន្មានថ្ងៃមកនេះ ប្រឆាំងនឹងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥។

លោក Newsom បានបង្ហោះសារលើបណ្តាញ X យ៉ាងដូច្នេះថា «ទាហានម៉ារីន បានបំពេញតួនាទីប្រកបដោយកិត្តិយស នៅក្នុងសង្រ្គាមជាច្រើន ដើម្បីការពារប្រជាធិបតេយ្យ។ ពួកគេមិនគួរណា ត្រូវបានដាក់ពង្រាយនៅលើទឹកដីអាមេរិកផ្ទាល់ ដើម្បីតទល់ជាមួយ​ជនរួមជាតិខ្លួនឯង ក្នុងគោលដៅបំពេញតាមក្តីស្រមៃឡប់សតិ របស់ប្រធានាធិបតីមួយរូប ដែលកំពុងប្រើអំណាចផ្តាច់ការ នោះឡើយ»

កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិអាមេរិក បានប្រកាសថា នឹងដាក់ពង្រាយទាហានម៉ារីនប្រហែល ៧០០នាក់ ទៅកាន់ទីក្រុង LA បន្ទាប់ពីកងកម្លាំងឆ្មាំជាតិ២០០០នាក់ ត្រូវបានដាក់ពង្រាយ កាលពីថ្ងៃអាទិត្យ ដើម្បីបង្រ្កាបបាតុកម្ម ដែលផ្ទុះឡើងតាំងតែថ្ងៃសុក្រ​សប្តាហ៍មុន ហើយប្រែក្លាយទៅអំពើហិង្សាយ៉ាងវឹកវរ។ ក្រៅពីដាក់ពង្រាយទាហានម៉ារីន លោក ត្រាំ ក៏បានអនុញ្ញាតឱ្យបញ្ជូន ​ឆ្មាំជាតិ២០០០នាក់បន្ថែមទៀតមក LA ផងដែរ។

គួរបញ្ជាក់ថា លោក Newsom បានរិះគន់ថា ការដាក់ពង្រាយកងទ័ពឆ្មាំជាតិ មកកាន់ទីក្រុង LA គឺជារឿងខុសច្បាប់ ដែលបំពានលើអំណាចរបស់រដ្ឋ ហើយលោកបានដាក់ពាក្យបណ្តឹងប្រឆាំងទង្វើនេះ។ ដោយឡែក លោក Tom Homan ដែលប្រធានទទួលបន្ទុកដឹកនាំយុទ្ធនាការបង្រ្កាបអន្តោប្រវេសន៍ខុសច្បាប់របស់លោក ត្រាំ បាននិយាយថា លោក Newsom គួរតែត្រូវចាប់ខ្លួន ប្រសិនបើហ៊ានរារាំង វិធានការអនុវត្តច្បាប់អន្តោប្រវេសន៍។ លោក ត្រាំ បានគាំទ្រការលើកឡើងនេះ ដោយនិយាយថា «ខ្ញុំនឹងធ្វើ ប្រសិនបើខ្ញុំជា Tom។ ខ្ញុំគិតថាវាល្អ»