(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងថ្លែងសុន្ទរកថាទៅកាន់កងទ័ពអាមេរិកនៅថ្ងៃអង្គារនេះ ខណៈរដ្ឋបាលរបស់លោកបញ្ជូនកងម៉ារីន ៧០០នាក់ទៅកាន់ទីក្រុង Los Angeles ដើម្បីឆ្លើយតបនឹងបាតុកម្មប្រឆាំងគោលនយោបាយអន្តោប្រវេសន៍របស់លោក។ នេះបើតាម Reuters ថ្ងៃអង្គារ ទី១០ មិថុនា ២០២៥។
លោក ត្រាំ និងរដ្ឋមន្ត្រីការពារជាតិ លោក ភីត ហេកសេត គ្រោងទៅទស្សនកិច្ចបន្ទាយ Fort Bragg ដើម្បីចូលរួមពិធីរំឭកខួបលើកទី២៥០ របស់កងទ័ពអាមេរិក ដែលបានគ្រោងទុកជាយូរ មុនក្បួនព្យុហយាត្រាធំនៅវ៉ាស៊ីនតោននៅថ្ងៃសៅរ៍។ ដំណើរទស្សនកិច្ចនេះធ្វើឡើង ខណៈលោក ត្រាំ បញ្ជូនកម្លាំងទៅកាលីហ្វ័រញ៉ាដើម្បីពង្រឹងកងកម្លាំងឆ្មាំជាតិ ដែលត្រូវបានបញ្ជូនជួយការពារទ្រព្យសម្បត្តិ និងបុគ្គលិករដ្ឋាភិបាលសហព័ន្ធ។
រដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ា ដែលដឹកនាំដោយបក្សប្រជាធិបតេយ្យ បានចាត់ទុកចំណាត់ការរបស់រដ្ឋបាលលោក ត្រាំ នេះថា ជាការរំលោភអំណាច និងជាការបង្កហេតុដែលមិនចាំបាច់។ បាតុកម្មតាមដងផ្លូវនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាបានចាប់ផ្តើមតាំងពីថ្ងៃសុក្រមកម្ល៉េះ ដោយមានការប៉ះទង្គិចគ្នារវាងក្រុមសកម្មជន និងមន្ត្រីតម្រួត។
គួរបញ្ជាក់ថា លោក ត្រាំ បានសន្យានិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងចំនួនដ៏ច្រើន និងរឹតបន្តឹងព្រំដែន ដោយកំណត់ឲ្យទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ចាប់ជនអន្តោប្រវេសន៍យ៉ាងតិច ៣,០០០នាក់ក្នុងមួយថ្ងៃ។ សុន្ទរកថារបស់លោក ត្រាំ នឹងផ្តោតលើខួបកងទ័ព និងភាពក្លាហានរបស់ទាហាន។ ក្បួនព្យុហយាត្រាធំនៅវ៉ាស៊ីនតោននៅថ្ងៃសៅរ៍ នឹងមានការចូលរួមពីកងទ័ពរាប់ពាន់នាក់ យន្តហោះយោធារាប់សិបគ្រឿង និងចំថ្ងៃខួបកំណើតគម្រប់ ៧៩ឆ្នាំរបស់លោក ត្រាំផងដែរ៕