(ឡុងដ៏)៖ ចក្រភពអង់គ្លេស នឹងវិនិយោគថវិកាជាង ៨ពាន់លានដុល្លារនៅក្នុងសមត្ថភាពសាងសង់នាវាមុជទឹករបស់ខ្លួន ដោយគាំទ្រដល់ក្រុមហ៊ុនការពារជាតិ ដូចជា BAE Systems និងក្រុមហ៊ុន Rolls-Royce ហេីយរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោកស្រី Rachel Reeves ត្រូវប្រកាសពីគម្រោងនេះ នៅថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ ២០២៥។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីសប្តាហ៍មុន អង់គ្លេសនិយាយថា នឹងបង្កើនទំហំនៃកងនាវាមុជទឹកដេីរដោយថាមពលនុយក្លេអ៊ែរ ពីចំនួន ៧គ្រឿងក្នុងពេលបច្ចុប្បន្នឱ្យដល់ចំនួន ១២គ្រឿង ដើម្បីឆ្លើយតបទៅនឹងការពិនិត្យឡើងវិញលេីសមត្ថភាពយោធា និងទប់ទល់ចំពោះការគំរាមកំហែងនាពេលអនាគត។
លោកស្រី Reeves នឹងថ្លែងបញ្ជាក់ថា ការវិនិយោគក្នុងវិស័យនុយក្លេអ៊ែរការពារជាតិនឹងរួមបញ្ចូលជាង ៨ពាន់លានដុល្លារ ដើម្បីបង្កើនសមត្ថភាព និងផលិតភាពនៃមូលដ្ឋានឧស្សាហកម្មនាវាមុជទឹករបស់ចក្រភពអង់គ្លេស រួមទាំងនៅ BAE Systems និង Rolls-Royce Submarines ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Rolls-Royce។
គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងការទទូចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាអឺរ៉ុបគួរទទួលខុសត្រូវបន្ថែមចំពោះសន្តិសុខផ្ទាល់ខ្លួន នាយករដ្ឋមន្ត្រី លោក Keir Starmer បានសន្យាថានឹងបង្កើនការចំណាយផ្នែកការពារជាតិឱ្យដល់កម្រិតខ្ពស់សម្រាប់អង់គ្លេស គិតចាប់តាំងពីការបិទបញ្ចប់សង្គ្រាមត្រជាក់៕