(វ៉ាស៊ីនតោន)៖ សេតវិមាន កាលពីថ្ងៃពុធ ទី១១ ខែមិថុនា បាននិយាយថាលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងស្វាគមន៍ការទំនាក់ទំនងជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បន្ទាប់ពីធ្លាប់មានទំនាក់ទំនងមិត្តភាពនឹងគ្នាជាមួយលោក គីម កាលពីអាណត្តិទី១របស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានគូសបញ្ជាក់ថាលោកប្រធានាធិបតី ត្រាំ នៅតែបើកចំហចំពោះការទាក់ទងជាមួយលោក គីម ជុងអ៊ុន។ លោកស្រីធ្វើការកត់សម្គាល់បែបនេះ ជាការឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍មួយរបស់សារព័ត៌មាន NK News មានមូលដ្ឋានក្នុងទីក្រុងសេអ៊ូលដែលថា ប្រតិភូកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក បានបដិសេធទទួលយកលិខិតមួយច្បាប់របស់លោក ត្រាំ ផ្ញើជូនលោក គីម ម្ដងហើយម្ដងទៀត។
លោក ត្រាំ និងលោក គីម ធ្លាប់បានជួបគ្នាចំនួន៣លើក អំឡុងអាណត្តិទី១របស់លោក ត្រាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ និងបានផ្ដោះប្ដូរសំបុត្រគ្នាទៅវិញទៅមក ដែលលោក ត្រាំ ហៅថា «សំបុត្រដ៏ស្រស់ស្អាត»។ នៅខែមិថុនា ឆ្នាំ២០១៩ លោក ត្រាំ បានយកជើងជាន់ទឹកដីកូរ៉េខាងជើងរយៈពេលខ្លី នៅឯតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំង២។ កិច្ចប្រឹងប្រែង នៅពេលនោះ មានភាពរីកចម្រើនទៅមុខតិចតួចប៉ុណ្ណោះពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយលោក ត្រាំ កាលពីខែមីនា ឆ្នាំ២០២៥ បានទទួលស្គាល់ថា កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរមួយទៀតផង។
គួរបញ្ជាក់ថា ចាប់តាំងពីអាណត្តិទី១ របស់លោក ត្រាំបិទបញ្ចប់ទៅ កូរ៉េខាងជើងមិនបានបង្ហាញពីបំណងចង់ត្រឡប់ទៅរកកិច្ចចរចាវិញនោះទេ។ តែការប៉ុនប៉ងទំនាក់ទំនងជាមួយ ព្យុងយ៉ាង បានកើតឡើងបន្ទាប់ពីលោក Lee Jae-myung ដែលបានសន្យាថានឹងបើកកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង បានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង កាលពីដើមខែមិថុនានេះ៕