(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី១១ ខែមិថុនា បាននិយាយថាបុគ្គលិកមួយចំនួនរបស់រដ្ឋាភិបាលអាមេរិកនឹងត្រូវចាកចេញពីតំបន់មជ្ឈិមបូព៌ា ដោយសារតែតំបន់នេះអាចនឹងក្លាយជាកន្លែងគ្រោះថ្នាក់ ជាមួយការប្ដេជ្ញាថាសហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
Reuters កាលពីថ្ងៃពុធ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអ៉ីរ៉ាក់ និងអាមេរិក ក៏បានរាយការណ៍ដែរថាសហរដ្ឋអាមេរិកកំពុងត្រៀមលក្ខណៈជម្លៀសបុគ្គលិករបស់ខ្លួនមួយចំនួន ចេញពីស្ថានទូតអាមេរិកប្រចាំប្រទេសអ៉ីរ៉ាក់ ហើយនឹងអនុញ្ញាតឱ្យក្រុមគ្រួសាររបស់យោធាចាកចេញពីតំបន់មជ្ឈិមបូព៌ាដោយសារតែការកើនឡើងហានិភ័យសន្តិសុខក្នុងតំបន់។ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជាហានិភ័យសន្តិសុខដែលជំរុញឱ្យមានការសម្រេចចិត្តខាងលើឡើយ ខណៈសេចក្ដីរាយការណ៍ពីលទ្ធភាពនៃការជម្លៀសបុគ្គលិកអាមេរិកបានធ្វើឱ្យប្រេង ឡើងថ្លៃ ៤ភាគរយ។
តាមមន្ត្រីអាមេរិកម្នាក់ ក្រសួងការបរទេសអាមេរិក ក៏បានអនុញ្ញាតឱ្យបុគ្គលិកអាមេរិកដែលមិនមានភារកិច្ចចាំបាច់ស្ម័គ្រចិត្តចាកចេញពីប្រទេសបារ៉ែន និងកូវ៉ែត ផងដែរ។ ជុំវិញព័ត៌មាននេះដែរ លោក ត្រាំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ពួកគេនឹងត្រូវចាកចេញពីព្រោះថាវាអាចនឹងក្លាយជាកន្លែងដ៏គ្រោះថ្នាក់ ហើយយើងនឹងឃើញថាតើនឹងមានរឿងអ្វីកើតឡើង»។ នៅពេលត្រូវបានសាកសួរថាតើអាចនឹងវិធានការបញ្ចុះកម្ដៅនៃភាពតានតឹងក្នុងតំបន់ដែរឬទេ? លោក ត្រាំ បានឆ្លើយថា «ពួកគេ (អ៉ីរ៉ង់) នឹងមិនអាចមានអាវុធនុយក្លេអ៊ែរឡើយ។ ពិតណាស់ ពួកគេនឹងមិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត»។
គួរបញ្ជាក់ថា បើទោះជាចង់ដោះស្រាយជាមួយអ៉ីរ៉ង់តាមការទូតក៏ដោយ លោក ដូណាល់ ត្រាំបានព្រមានម្ដងហើយម្ដងទៀតថានឹងប្រើកម្លាំងយោធាលើអ៉ីរ៉ង់ ប្រសិនបើកិច្ចចរចានុយក្លេអ៊ែរ មិនអាចសម្រេចបានលទ្ធផលអ្វីទេនោះ ហើយនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃពុធ លោក ត្រាំ បានព្រលយថារូបលោកមិនសូវមានជំនឿឡើយថាអ៉ីរ៉ង់នឹងយល់ព្រមបញ្ឈប់ ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម៕