(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី១១ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងស្ម័គ្រចិត្ត​ពន្យារពេលថ្ងៃកំណត់ «៨ កក្កដា» សម្រាប់កិច្ចចរចាពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានា មុនពេលការយកពន្ធគយខ្ពស់របស់អាមេរិក ត្រូវចូលជាធរមាន ប៉ុន្តែរូបលោកមិនជឿថា វានឹងចាំបាច់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការផ្អាកជាបណ្តោះអាសន្នរយៈពេល៩០ថ្ងៃ នៃការអនុវត្តវិធានការពន្ធបដិការរបស់លោក ត្រាំ នឹងផុតកំណត់នៅថ្ងៃទី៨ ខែកក្កដាខាងមុខ ហើយមកទល់នឹងពេលនេះ អាមេរិកសម្រេចបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មតែមួយប៉ុណ្ណោះ គឺជាមួយចក្រភពអង់គ្លេស ខណៈការចរចា​ជាមួយប្រទេសជាច្រើនដទៃទៀត កំពុងបន្តស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នា។

កាលពីថ្ងៃពុធ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ក៏បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកផងដែរថា រដ្ឋបាល លោក ត្រាំ អាចនឹងពន្យារថ្ងៃផុតកំណត់ នៃកិច្ចចរចាពាណិជ្ជកម្ម សម្រាប់បណ្តាប្រទេសទាំងឡាយ ដែលកំពុងចរចាដោយសុឆន្ទៈជាមួយអាមេរិក។

គួរបញ្ជាក់ថា លោក ត្រាំ បានប្រកាសការផ្អាកវិធានការពន្ធបដិការរបស់លោក កាលពីថ្ងៃទី៩ ខែមេសា ពោលគឺមួយសប្តាហ៍ ក្រោយបង្ហាញចេញនូវចំណាត់ការយកពន្ធដ៏ចម្រូងចម្រាសទៅលើ ដៃគូពាណិជ្ជកម្មស្ទើរតែទាំងអស់របស់សហរដ្ឋអាមេរិក៕