(ញូវដែលី)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនានេះ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់នៅក្បែរអាកាសយានដ្ឋាន ក្នុងទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
គួរបញ្ជាក់ថា ខាងអាកាសចរណ៍ Air India និងប៉ូលិសឥណ្ឌា បានឱ្យដឹងថា យន្តហោះដែលជួបគ្រោះថ្នាក់ មានផ្ទុកមនុស្សសរុបរហូតដល់២៤២នាក់។ យន្តហោះនោះ មានគោលដៅឆ្ពោះទៅកាន់អាកាសយានដ្ឋាន Gatwick នៃទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស ហើយបានធ្លាក់នៅចំតំបន់ស៉ីវិល ក្បែរអាកាសយានដ្ឋាន Ahmedabad។
យន្តហោះ Air India ខាងលើ ប្រភេទជា Boeing 787-8 Dreamliner បានធ្លាក់បន្ទាប់ពីហោះឡើងបានតែបន្តិចប៉ុណ្ណោះ ចេញពីអាកាសយានដ្ឋានអន្តរជាតិ Sardar Vallabhbhai Patel ក្នុងទីក្រុង Ahmedabad ពោលគឺមិនដល់១នាទីឡើយ។ នៅពេលឡើងដល់ត្រឹមកម្ពស់ជាង២០០ម៉ែត្រ យន្តហោះក៏បានស្រាប់តែបានបាត់បង់រយៈកម្ពស់វិញ ហើយធ្លាក់នៅជិតតំបន់មានមនុស្សរស់នៅ Meghani/Meghaninagar ក្បែរអាកាសយានដ្ឋាន Sardar Vallabhbhai Patel។
នៅលើយន្តហោះ មានអ្នកដំណើរខ្ទង់២៤២នាក់ រួមជាមួយបុគ្គលិកយន្តហោះ១២នាក់។ យោងតាមឃ្លីបវីដេអូថតជាប់ហេតុការណ៍នោះ អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ និងដុំផ្សែងខ្មៅហុយឡើងទៅលើ ត្រូវបានប្រទះឃើញពីចម្ងាយរាប់គីឡូម៉ែត្រ។ ភ្លាមៗនេះ ភ្នាក់ងារពន្លត់អគ្គិភ័យ រថយន្តពេទ្យ និងក្រុមជួយសង្រ្គោះ កំពុងត្រូវបានដាក់ពង្រាយទៅកាន់ កន្លែងធ្លាក់យន្តហោះ។ សម្រាប់តួលេខផ្លូវការ នៃអ្នករងគ្រោះថ្នាក់ស្លាប់ និងរបួសនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគេឃើញមានមនុស្ស ត្រូវបានសែងទៅដាក់ក្នុងរថយន្តសង្រ្គោះ៕