(តេអេរ៉ង់)៖ អ៊ីរ៉ង់បានសន្យាចាត់វិធានការឆ្លើយតប បន្ទាប់ពីក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានអនុម័តសេចក្តីសម្រេចមួយដែលប្រកាសថា ទីក្រុងតេអេរ៉ង់មិនគោរពកាតព្វកិច្ចមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ នេះគឺជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៥។ អ៊ីរ៉ង់បានបញ្ជាឲ្យបើកមជ្ឈមណ្ឌលចម្រាញ់អ៊ុយរ៉ាញ៉ូមថ្មី និងធ្វើទំនើបកម្មរោងចក្រ Fordow។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

ក្រសួងការបរទេសអ៊ីរ៉ង់ និងអង្គការថាមពលបរមាណូ (AEOI) បានចេញសេចក្តីថ្លែងការណ៍រួម ហៅសេចក្តីសម្រេចដែលស្នើដោយអាមេរិក បារាំង អង់គ្លេស និងអាល្លឺម៉ង់ ថាមាន «ចរិតនយោបាយ» ខ្វះមូលដ្ឋានបច្ចេកទេស និងផ្លូវច្បាប់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការអះអាងក្នុងសេចក្តីសម្រេចនេះថា «គ្មានមូលដ្ឋាន» និងគាំទ្រសិទ្ធិអ៊ីរ៉ង់ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី។

ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ពីផលប៉ះពាល់នៃសេចក្តីថ្លែងការណ៍នេះ លើកិច្ចចរចានុយក្លេអ៊ែរជុំទីប្រាំមួយជាមួយអាមេរិក ដែលគ្រោងធ្វើនៅថ្ងៃទី១៥ មិថុនា នៅអូម៉ង់នោះទេ។

ក្រុមប្រឹក្សាភិបាល IAEA ដែលមានសមាជិក ៣៥ប្រទេស បានបោះឆ្នោត ១៩ ទល់នឹង ៣ (១១ អនុបវាទ) ដើម្បីអនុម័តសេចក្តីសម្រេចនេះ។ សេចក្តីសម្រេចនេះ អាចនាំទៅដល់ការដាក់ឲ្យដំណើរការយន្តការ "snapback" នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលអនុញ្ញាតឲ្យភាគីផ្សេងទៀតដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញ ប្រសិនបើអ៊ីរ៉ង់មិនគោរពកិច្ចព្រមព្រៀង។

គួរបញ្ជាក់ថា ការអនុម័តនេះធ្វើឡើងក្រោយរបាយការណ៍ IAEA អះអាងថា អ៊ីរ៉ង់មិនបានផ្តល់ការពន្យល់គួរឲ្យជឿជាក់ចំពោះដានអ៊ុយរ៉ាញ៉ូមនៅទីតាំងមិនបានប្រកាសចំនួនបី និងបានសម្តែងការព្រួយបារម្ភ ចំពោះការចម្រាញ់អ៊ុយរ៉ាញ៉ូមដល់កម្រិត ៦០%។ មន្ត្រីអ៊ីរ៉ង់បានបដិសេធការអះអាងទាំងនេះជាបន្តបន្ទាប់៕