(អាំដាបាដ)៖ អាជ្ញាធរឥណ្ឌាបានរាយការណ៍ឲ្យដឹងថា មកទល់ពេលនេះ ចំនួនមនុស្សស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះក្រុមហ៊ុន Air India ដែលដឹកមនុស្ស២៤២នាក់ បានកើនដល់ ២០៤នាក់ហើយ និងព្រមានថាតួលេខនេះអាចនឹងកើនឡើងបន្ថែមទៀត។ នេះបើយោងតាម Reuters ថ្ងៃទី១២ មិថុនា ២០២៥។
មន្ត្រីប៉ូលិសបានឲ្យដឹងថា យន្តហោះនេះបានធ្លាក់នៅក្នុងតំបន់លំនៅដ្ឋានមួយ ក្បែរព្រលានយន្តហោះ Ahmedabad ដែលចំពីលើអាហារដ្ឋាននៃអន្តេវាសិកដ្ឋានរបស់មហាវិទ្យាល័យវេជ្ជសាស្ត្រក្នុងតំបន់នោះ ដោយបានបណ្តាលឲ្យនិស្សិតពេទ្យមួយចំនួននៅនឹងដីស្លាប់ផងដែរ។
ស្នងការនគរបាលក្រុងបានបញ្ជាក់ថា សាកសពចំនួន ២០៤នាក់ត្រូវបានគេយកចេញពីកន្លែងកើតហេតុ ហើយមិនមានសេចក្តីរាយការណ៍អំពីអ្នកនៅរស់រានមានជីវិតត្រូវបានរកឃើញនោះទេ។ ចំណែកកាសែត Indian Express បានរាយការណ៍ថា អ្នកដំណើរទាំង ២៤២នាក់នៅលើយន្តហោះបានបាត់បង់ជីវិត ខណៈសាច់ញាតិត្រូវបានស្នើសុំឲ្យផ្តល់សំណាក DNA ដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់។ រូបថត និងវីដេអូពីកន្លែងកើតហេតុបានបង្ហាញពីបំណែកតួយន្តហោះដែលរាយប៉ាយនៅជុំវិញអគារដែលរងគ្រោះ ដោយកន្ទុយយន្តហោះបានជាប់គាំងនៅលើដំបូលអគារ។
ក្នុងចំណោមអ្នកដំណើរនៅលើនោះ រួមមានមនុស្សពេញវ័យ ២១៧នាក់ កុមារ ១១នាក់ និងទារក ២នាក់ ដោយក្នុងនោះ ១៦៩នាក់ជាជនជាតិឥណ្ឌា ៥៣នាក់ជាជនជាតិអង់គ្លេស ៧នាក់ជាជនជាតិព័រទុយហ្គាល់ និងម្នាក់ជាជនជាតិកាណាដា។
គួរបញ្ជាក់ថា យន្តហោះដែលធ្លាក់នេះ គឺជាប្រភេទ Boeing 787-8 Dreamliner ដែលបានហោះហើរលើកដំបូងក្នុងឆ្នាំ២០១៣។ នេះគឺជាការធ្លាក់លើកដំបូងដែលបណ្ដាលឲ្យមានមនុស្សស្លាប់សម្រាប់យន្តហោះប្រភេទ Dreamliner ចាប់តាំងពីវាបានចាប់ផ្តើមហោះហើរពាណិជ្ជកម្មក្នុងឆ្នាំ២០១១មក។ ក្រុមហ៊ុន Air India កំពុងប្រមូលព័ត៌មានលម្អិត ខណៈមូលហេតុនៃការធ្លាក់យន្តហោះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតជាបន្ទាន់៕