(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៉ីរ៉ង់ ជាមួយការតាំងចិត្តថា នឹងបន្តធ្វើសកម្មយោធា រហូតទាល់តែអាចលុបបំបាត់ចោលការគំរាមកំហែងពីអ៉ីរ៉ង់។ ការវាយប្រហារតាមផ្លូវអាកាសបានកំណត់គោលដៅទីតាំងជាច្រើនកន្លែងក្នុងប្រទេសអ៉ីរ៉ង់ ដោយស្នូរផ្ទុះជាច្រើនត្រូវបានរាយការណ៍ក្នុងរដ្ឋធានីតេហេរ៉ង់ ព្រមទាំងនៅឯរោងចក្រនុយក្លេអ៊ែរដ៏សំខាន់មួយក្នុងទីក្រុង Natanz។

* តើអ៉ីស្រាអែលវាយប្រហារលើគោលដៅអ្វីខ្លះ?

យោធាអ៉ីស្រាអែលបាននិយាយថាយន្ដហោះចម្បាំង២០០គ្រឿងរបស់ខ្លួនបានដឹកនាំការវាយប្រហារលើគោលដៅច្រើនជាង១០០កន្លែង នៅទូទាំងប្រទេសអ៉ីរ៉ង់ ក្នុងនោះរួមមានទាំង ទីតាំងនុយក្លេអ៊ែរ។ ស្នូរផ្ទុះជាបន្តបន្ទាប់ បានបន្លឺសំឡេងឡើងក្នុងរដ្ឋធានីតេហេរ៉ង់ ជាទីដែលទូរទស្សន៍អ៉ីរ៉ង់បានរាយការណ៍ពីអគ្គិភ័យ និងផ្សែងខ្មួរខ្មាញ់ត្រូវបានគេឃើញហុយចេញពី ទីស្នាក់ការកណ្ដាលរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ស្ថិតនៅភាគខាងកើតនៃរដ្ឋធានីតេហេរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ក៏បានរាយការណ៍ដែរពីស្នូរផ្ទុះដ៏ខ្លាំងក្នុងទីក្រុង Natanz នៃខេត្ត Isfahan ដែលជាមូលដ្ឋាននៃរោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់អ៉ីរ៉ង់ ហើយអគារមួយចំនួនក្នុងរដ្ឋធានីរងការខូចខាត និងមានជនស៊ីវិលជាច្រើននាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារ របស់អ៉ីស្រាអែល។ លើសពីនេះទៅទៀត មន្ត្រីសន្តិសុខអ៉ីស្រាអែលម្នាក់ បានអះអាងថាការវាយប្រហារតាមផ្លូវអាកាសទំនងជាបានសម្លាប់លោក Mohammad Bagheri ជានាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ រួមជាមួយអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៉ីរ៉ង់មួយចំនួន។

ព្រមពេលជាមួយគ្នា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បាននាំគ្នាចេញផ្សាយព្រោងព្រាតថាអគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Hossein Salami ត្រូវបានសម្លាប់ក្នុងការវាយប្រហារ របស់អ៉ីស្រាអែល។

* ហេតុអ្វីអ៉ីស្រាអែលវាយអ៉ីរ៉ង់ នៅពេលនេះ?

អ៉ីស្រាអែលបានចាត់ទុករបបដឹកនាំអ៉ីរ៉ង់សព្វថ្ងៃជាសត្រូវសួពូជរបស់ខ្លួន ដែលចង់ឱ្យអ៉ីស្រាអែលរលាយបាត់ចេញពីផែនដី។ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចដទៃទៀត រួមជាមួយអ៉ីស្រាអែលបានចោទប្រកាន់ម្ដងហើយម្ដងទៀតថាអ៉ីរ៉ង់មានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ។ តែជារឿយៗ អ៉ីរ៉ង់បានច្រានចោលការចោទប្រកាន់បែបនេះ។ អ៉ីស្រាអែល ជាថ្មីម្ដងទៀតបានអំពាវនាវឱ្យពិភពលោកធ្វើសកម្មភាព បន្ទាប់ពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបានចោទអ៉ីរ៉ង់ កាលពីថ្ងៃពុធសប្ដាហ៍នេះថាមិនបានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន ចំពោះការមិនរីកសាយអាវុធនុយក្លេអ៊ែរនោះទេ។ ក្រុមមន្ត្រីអ៉ីស្រាអែលបាននិយាយថាការវាយប្រហាររបស់ខ្លួនលើអ៉ីរ៉ង់ គឺជាការបង្ការការពារខ្លួន បើទោះជាមិនមានសញ្ញាបន្ទាន់ណាមួយ បង្ហាញថាអ៉ីរ៉ង់មានផែនការវាយប្រហារលើអ៉ីស្រាអែលក៏ដោយ។ ក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាអ៉ីស្រាអែលបាននិយាយថាខ្លួនបានធ្វើសកម្មភាពជាការឆ្លើយតបទៅនឹងការគំរាមកំហែង ប្រឆាំងអ៉ីស្រាអែលពីសំណាក់របបដឹកនាំអ៉ីរ៉ង់សព្វថ្ងៃ ហើយថែមទាំងអះអាងទៀតផងថាការវាយប្រហារនៅថ្ងៃសុក្រនេះគឺជាដំណាក់កាលទី១ ប៉ុណ្ណោះ ដោយការវាយប្រហារបន្តបន្ទាប់ទៀត អាចនឹងត្រូវធ្វើឡើង។

តាមមន្ត្រីអ៉ីស្រាអែលម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ការវាយប្រហាររបស់អ៉ីស្រាអែលបានកំណត់គោលដៅលើសមាសធាតុសំខាន់នៃកម្មវិធីនុយក្លេអ៊ែរ និងសមត្ថភាពមីស៊ីល រយៈចម្ងាយឆ្ងាយរបស់អ៉ីរ៉ង់។ មន្ត្រីដដែលបានបន្ថែមថាអ៉ីរ៉ង់កំពុងលួចលាក់ពន្លឿនការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរទៅជាការផលិតអាវុធនុយក្លេអ៊ែរ ដោយបើតាមចារកម្មអ៉ីស្រាអែល អ៉ីរ៉ង់ ពេលនេះមានសារធាតុអ៊ុយរ៉ាញ៉ូមគ្រប់គ្រាន់ដើម្បីផលិតអាវុធនុយក្លេអ៊ែរ ១៥គ្រាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ។ តែមន្ត្រីរូបនេះមិនបានបង្ហាញភស្តុតាងដើម្បីគាំទ្រការវាយតម្លៃរបស់ចារកម្មអ៉ីស្រាអែលឡើយ។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu វិញ បានចាត់ទុកកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ជាការគំរាមកំហែងដល់អាយុជីវិតជាតិរបស់ អ៉ីស្រាអែល ជាមួយការប្រកាសឱ្យដឹងថាអ៉ីស្រាអែលបានវាយប្រហារលើរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដ៏សំខាន់មួយរបស់អ៉ីរ៉ង់ក្នុងទីក្រុង Natanz ព្រមទាំងកំណត់គោលដៅលើអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៉ីរ៉ង់។ អ៉ីរ៉ង់ត្រូវបានគេមើលឃើញថាបានថមថយចុះឥទ្ធិពល ចាប់តាំងក្រុមហាម៉ាសបានវាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបណ្ដាលឱ្យ ផ្ទុះសង្រ្គាមនៅហ្កាហ្សា។

ក្រុមហាម៉ាស និងហេសបូឡាដែលត្រូវបានគេប្រដូចថាជាដៃមឹករបស់អ៉ីរ៉ង់ ត្រូវបានអ៉ីស្រាអែលកាត់ផ្ដាច់។ ប៉ុន្តែ លោក Netanyahu ធ្លាប់បាននិយាយថា ការចុះខ្សោយអ៉ីរ៉ង់មិនមែនយូរអង្វែងនោះ នេះបានន័យថាអ៉ីស្រាអែលមិនធ្វើសកម្មភាពឱ្យលឿនទេ នោះនឹងបាត់បង់ឱកាសល្អដើម្បីបង្អាក់ការរីកចម្រើនទៅមុខនៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។ «មិនថាប្រើមធ្យោបាយអ្វីនោះទេ អ៉ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត»។ នេះជាការគូសបញ្ជាក់របស់លោក Netanyahu ក្នុងសុន្ទរកថាមួយកាលពីខែមេសាកន្លងទៅ។ ក្រុមមន្ត្រីអ៉ីស្រាអែល និងអ្នកវិភាគអ៉ីស្រាអែលក៏បានលើកឡើងដែរថាការវាយប្រហាររបស់អ៉ីស្រាអែលលើ ប្រព័ន្ធការពារដែនអាកាសអ៉ីរ៉ង់កាលពីឆ្នាំ២០២៤ បានធ្វើឱ្យសមត្ថភាពការពារដែនអាកាសរបស់អ៉ីរ៉ង់ចុះខ្សោយ ដែលនេះនឹងអនុញ្ញាតឱ្យយន្ដហោះចម្បាំងអ៉ីស្រាអែលអាចបើក ការវាយប្រហារកាន់តែមានសុវត្ថិភាព និងមានប្រសិទ្ធភាព។ ប៉ុន្តែបើអ៉ីស្រាអែល បណ្ដោយឱ្យពេលវេលាកន្លងហួស អ៉ីរ៉ង់អាចនឹងស្ដារសមត្ថភាពការពារដែនអាកាសឡើងវិញ។ យ៉ាងណាក៏ដោយ គួរឱ្យកត់សម្គាល់ ការវាយប្រហារលើអ៉ីរ៉ង់កើតមានឡើងចំពេលស្ថានការណ៍នយោបាយនៅអាមេរិក និងអ៉ីស្រាអែល កំពុងតានតឹង។ លោក ត្រាំកំពុងប្រឈមមុខនឹងការរិះគន់ជុំវិញការដាក់ពង្រាយកងទ័ពបង្ក្រាបបាតុកម្ម រីឯលោក Netanyahu កំពុងប្រឈមមុខនឹងការអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតមុនអាណត្តិ។

* តើសហរដ្ឋអាមេរិកចូលដៃចូលជើងជាមួយអ៉ីស្រាអែលឬ?

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាសហរដ្ឋអាមេរិកមិនបានចូលរួមក្នុងការវាយប្រហារទ្រង់ទ្រាយធំរបស់អ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ នោះទេ។ លោកបន្តថាអ៉ីស្រាអែលបានប្រាប់អាមេរិកថាពួកគេជឿជាក់ថាសកម្មភាពយោធានៅពេលនេះ គឺមានសារៈសំខាន់បំផុតដើម្បីការពារខ្លួនឯង។ លោក Rubio ថែមទាំងបានព្រមានអ៉ីរ៉ង់ទៀតផងកុំឱ្យបើកការវាយប្រហារលើផលប្រយោជន៍ និងមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា។ «ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថាអ៉ីរ៉ង់មិនត្រូវវាយប្រហារប្រឆាំងផលប្រយោជន៍ ឬកងកម្លាំងអាមេរិកនោះទេ»។ នេះជាការគូសបញ្ជាក់របស់លោក Rubio។ ការវាយប្រហាររបស់អ៉ីស្រាអែលកើតមានឡើង បន្ទាប់ពីការខ្វែងគំនិតគ្នាជាច្រើនខែរវាងលោក ត្រាំ និងលោក Netanyahu ថាតើត្រូវដោះស្រាយជាមួយអ៉ីរ៉ង់បែបណា? លោក ត្រាំ ជាសាធារណៈបានបង្ហាញជំហរជំទាស់នឹងការវាយប្រហារលើអ៉ីរ៉ង់ ក្នុងពេលដែលអាមេរិកកំពុងចរចានុយក្លេអ៊េរជាមួយអ៉ីរ៉ង់។ ប៉ុន្មានមុនការវាយប្រហារកើតឡើង លោក ត្រាំបាននិយាយថាការវាយប្រហារមួយទំនងជានឹងបំផ្លាញឱកាសស្វែងរកដំណោះស្រាយតាមផ្លូវការទូត។

គួរបញ្ជាក់ថា មុនអ៉ីស្រាអែលវាយអ៉ីរ៉ង់ រដ្ឋបាលលោក ដូណាល់ ត្រាំ បានជម្លៀសមន្ត្រីទូតមិនមានភារកិច្ចចាំបាច់ចេញពីតំបន់មជ្ឈិមបូព៌ា និងអនុញ្ញាតឱ្យក្រុមគ្រួសាររបស់យោធាអាមេរិក ស្ម័គ្រចិត្តចាកចេញ។ សហរដ្ឋអាមេរិកមានកងទ័ពជាង ៤០ ០០០នាក់ កំពុងឈរជើងនៅក្នុងតំបន់មជ្ឈិមបូព៌ាដើម្បីការពារផលប្រយោជន៍របស់ខ្លួន និងអ៉ីស្រាអែល៕