(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បានរាយការណ៍ថា អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរយ៉ាងហោច៦នាក់ ត្រូវបានសម្លាប់នាថ្ងៃសុក្រនេះ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ​ ទី១៣ ខែមិថុនា ឆ្នាំ២០២៥។

ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ Tasnim បានបញ្ចេញឈ្មោះអ្នកវិទ្យាសាស្រ្តទាំង៦នាក់នោះ ដែលរួមមានទាំងលោក Mohammad Mehdi Tehranchi សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអ៉ីរ៉ង់ Azad។ រីឯលោក Fereydoun Abbasi ដែលជាអតីតប្រធានទីភ្នាក់ងារថាមពលអាតូមិករបស់អ៉ីរ៉ង់ ក៏ស្ថិតក្នុងចំណោមអ្នកវិទ្យាសាស្រ្ត ដែលបានបាត់បង់ជីវិត ដូចគ្នា។

គួរបញ្ជាក់ថា ការវាយប្រហារនាថ្ងៃសុក្រនេះរបស់អ៉ីស្រាអែល បានត្រូវចំគោលដៅជាច្រើននៅទូទាំងប្រទេសអ៉ីរ៉ង់ រួមមានទាំង​អគារលំនៅដ្ឋានរបស់ប្រជាជនអ៉ីរ៉ង់ ក្នុងរដ្ឋធានីតេហេរ៉ង់ ព្រមទាំងទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសំខាន់ៗរបស់អ៉ីរ៉ង់។ ប្រមុខកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Hossein Salami និងនាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ លោក Mohammad Bagheri ក៏ត្រូវបានសម្លាប់ផងដែរ ក្នុងប្រតិបត្តិការរបស់អ៉ីស្រាអែល។ អ៉ីរ៉ង់បានចាប់ផ្តើមតដៃវិញលើអ៉ីស្រាអែល ដោយប្រើប្រាស់យន្តហោះដ្រូន​ជាង១០០គ្រឿង៕