(វីយែន)៖ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ លោក Rafael Grossi បានមានប្រសាសន៍នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ថា លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីវាយតម្លៃស្ថានការណ៍ដោយផ្ទាល់ បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារយោធាដែលបានវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរដ៏ធំនៅ Natanz។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ IAEA លោក Grossi បានមានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវឲ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងការកើនឡើងបន្ថែមទៀត... សកម្មភាពយោធាណាក៏ដោយដែលប៉ះពាល់ដល់សុវត្ថិភាព និងសន្តិសុខនៃរោងចក្រនុយក្លេអ៊ែរ ប្រថុយនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ»។ លោកបានបញ្ជាក់ថា លោកបានបង្ហាញពីការត្រៀមខ្លួនរបស់លោកក្នុងការធ្វើដំណើរទៅអ៊ីរ៉ង់ឲ្យបានឆាប់បំផុត។

ទោះជាយ៉ាងណា លោក Grossi បានបញ្ជាក់ដោយដកស្រង់សម្តីអាជ្ញាធរអ៊ីរ៉ង់ថា មជ្ឈមណ្ឌលចម្រាញ់អ៊ុយរ៉ាញ៉ូមនៅ Fordow និងរោងចក្រនុយក្លេអ៊ែរផ្សេងទៀតនៅ Esfahan មិនត្រូវបានរងការវាយប្រហារនោះទេ។ លោកបានបន្ថែមទៀតថា មិនមានការកើនឡើងកម្រិតវិទ្យុសកម្មនៅ Natanz ទេ ទោះបីជាទីតាំងនោះត្រូវបានវាយប្រហារក៏ដោយ។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ គឺជាការកើនឡើងដ៏ធំមួយនៃជម្លោះដែលលាក់កំបាំងជាយូរមកហើយរវាងមហាអំណាចក្នុងតំបន់ទាំងពីរ ហើយកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ៕