(ញូវយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំមួយនារសៀលថ្ងៃសុក្រនេះ (ម៉ោងនៅញូវយ៉ក) ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមអ្នកការទូតបានឲ្យដឹង ដោយបន្ថែមថា កិច្ចប្រជុំនេះធ្វើឡើងតាមសំណើរបស់ទីក្រុងតេអេរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា អ៉ីស្រាអែល នៅថ្ងៃសុក្រនេះ បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ លើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ រោងចក្រមីស៊ីលបាលិស្ទីគ និងមេបញ្ជាការយោធា រួមទាំងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៉ីរ៉ង់ផងដែរ។ តាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ លោក Hossein Salami ដែលជាអគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលលើ ទីស្នាក់ការកណ្ដាលរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក្នុងរដ្ឋធានីតេហេរ៉ង់ ខណៈជនស៊ីវិលជាច្រើននាក់ ក្នុងនោះរួមមានទាំងកុមារ ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើតំបន់ទីប្រជុំមួយក្នុងរដ្ឋធានីតេហេរ៉ង់។

យ៉ាងណាមិញ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei មានសុវត្ថិភាពធម្មតា ហើយបានគំរាមថា អ៉ីស្រាអែលនឹងត្រូវទទួលរងផលវិបាកធ្ងន់ធ្ងរ សម្រាប់ការវាយប្រហារលើអ៉ីរ៉ង់៕