(ហ្សេរុយសាឡិម)៖ អ៊ីស្រាអែលកំពុងបិទស្ថានទូតរបស់ខ្លួននៅទូទាំងពិភពលោក និងជំរុញពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវបង្ហាញនិមិត្តសញ្ញាជនជាតិជ្វីហ្វ ឬអ៊ីស្រាអែលជាសាធារណៈឡើយ។ វិធានការនេះធ្វើឡើងក្រោយអ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ។ នេះបើតាម Reuters ថ្ងៃសុក្រ ទី១៣ មិថុនា។

សេចក្តីថ្លែងការណ៍ពីស្ថានទូតអ៊ីស្រាអែលមួយចំនួនបញ្ជាក់ថា សេវាកុងស៊ុលនឹងមិនត្រូវបានផ្តល់ជូន ហើយពលរដ្ឋត្រូវបានជំរុញឲ្យសហការជាមួយសន្តិសុខក្នុងតំបន់ ប្រសិនបើមានសកម្មភាពអរិភាព។ មិនមានការបញ្ជាក់ថាតើស្ថានទូតនឹងបិទរយៈពេលប៉ុន្មាននោះទេ។ ជនជាតិអ៊ីស្រាអែលនៅបរទេសត្រូវបានលើកទឹកចិត្តឲ្យធ្វើបច្ចុប្បន្នភាពទីតាំងរបស់ពួកគេជូនក្រសួងការបរទេស។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានថ្លែងថា អាល្លឺម៉ង់កំពុងបង្កើនការការពារទីតាំងរបស់ជនជាតិជ្វីហ្វ និងអ៊ីស្រាអែល។ សន្តិសុខក៏ត្រូវបានបង្កើននៅតាមទីតាំងសំខាន់ៗមួយចំនួននៅអឺរ៉ុបផងដែរ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃសុក្រ អ៊ីស្រាអែលបានប្រកាសពីការវាយប្រហាររោងចក្រនុយក្លេអ៊ែរ និងរោងចក្រផលិតមីស៊ីលក្នុងប្រទេសអ៊ីរ៉ង់ ព្រមទាំងសម្លាប់មេបញ្ជាការយោធាជាច្រើននាក់ ក្នុងគោលបំណងរារាំងអ៊ីរ៉ង់ពីការផលិតអាវុធបរមាណូ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា អ៊ីរ៉ង់បានបង្កការវាយប្រហារនេះមកលើខ្លួនឯង ដោយសារតែប្រឆាំងនឹងការទាមទាររបស់អាមេរិកក្នុងកិច្ចចរចាកម្មវិធីនុយក្លេអ៊ែរ ហើយបានជំរុញឲ្យអ៊ីរ៉ង់ធ្វើកិច្ចព្រមព្រៀង ដើម្បីបញ្ចៀសការវាយប្រហារកាន់តែធ្ងន់ធ្ងរនាពេលខាងមុខ៕