(ព្យុងយ៉ាង)៖ កូរ៉េខាងជេីង បានរាយការណ៍នៅថ្ងៃសៅរ៍ ទី១៤ ខែមិថុនានេះថា មេដឹកនាំ លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យរោងចក្រឧស្សាហកម្មយោធា និងបានអំពាវនាវឱ្យពង្រីកការផលិតគ្រាប់ផ្លោង ដែលអាចបំពេញតម្រូវការក្នុងសង្គ្រាមសម័យទំនើប។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
KCNA រាយការណ៍ថា លោក គីម ជុងអ៊ុន បានគូសបញ្ជាក់នៅក្នុងឱកាសនោះថា «ប្រសិនបើយើងចង់បង្កើនការផលិតគ្រាប់ផ្លោងថ្មីដែលមានកម្លាំងខ្លាំង បំពេញតម្រូវការក្នុងសង្គ្រាមសម័យទំនើប យើងត្រូវពង្រីក ពង្រឹងសមត្ថភាពផលិត រៀបចំដំណើរការផលិតឱ្យកាន់តែត្រឹមត្រូវ និងបង្កើនផលិតកម្មដ្រូនជានិច្ច»។
ការអំពាវនាវរបស់ លោក គីម ធ្វេីឡេីងអំឡុងពេលពិនិត្យមើលវឌ្ឍនភាពនៃការផលិតគ្រាប់ផ្លោង នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ និងចំពេលដែលមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់អំពីការបញ្ជូនកងទ័ពកូរ៉េខាងជេីង ក៏ដូចជាអាវុធទៅជួយដល់រុស្ស៉ីក្នុងសង្រ្គាមនៅអ៊ុយក្រែន។ តាមរបាយការណ៍របស់ក្រុមត្រួតពិនិត្យទណ្ឌកម្មពហុភាគី របស់អង្គការសហប្រជាជាតិ កូរ៉េខាងជើងបានផ្គត់ផ្គង់ដល់រុស្ស៉ីនូវគ្រាប់ផ្លោងជាង ២០ ០០០គ្រាប់នៅក្នុងខែឧសភា៕