(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសជប៉ុន បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្តាហ៍នេះ អំពីពន្ធគយ និងការវាយប្រហាររបស់អ៉ីស្រាអែលលេីអ៉ីរ៉ង់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ ២០២៥។
នៅក្នុងជំនួបតាមទូរស័ព្ទនោះ លោក Ishiba បានរំលឹកឡើងវិញនូវទស្សនៈរបស់ជប៉ុនចំពោះវិធានការពន្ធរបស់សហរដ្ឋអាមេរិក ដោយគិតគូរពីលទ្ធផលនៃកិច្ចចរចារវាងប្រទេសទាំងពីរ។ ប្រធានអ្នកចរចារពន្ធរបស់ទីក្រុងតូក្យូ លោក Ryosei Akazawa បាននិយាយថា ជប៉ុន នឹងរក្សាភាពខ្ជាប់ខ្ជួននៅក្នុងសំណើរឱ្យអាមេរិកពិនិត្យឡេីងវិញលេីវិធានការពន្ធរបស់ខ្លួន ហើយមិនទទួលយកកិច្ចព្រមព្រៀងមួយផ្នែកនោះទេ។
លោក ត្រាំ និងលោក Ishiba បានព្រមព្រៀងគ្នាដើម្បីពន្លឿនការពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីទទួលបន្ទុក ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងដែលមានផលប្រយោជន៍ទៅវិញទៅមក។ ក្រៅពីនេះលោក ត្រាំ និងលោក Ishiba ក៏បានឯកភាពគ្នាលើសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ាផងដែរ បន្ទាប់ពីការវាយប្រហាររបស់អ៉ីស្រាអែលលេីអ៉ីរ៉ង់។
មន្ត្រីសេតវិមានបានទទួលស្គាល់ការសន្ទនារវាងលោក ត្រាំ និងលោក Ishiba ថាបានធ្វើឡើងកាលពីថ្ងៃសុក្រ ខណៈមេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថានឹងជួបគ្នាផ្ទាល់ នៅឯប្រទេសកាណាដា ខាងក្រៅកិច្ចប្រជុំក្រុម G7 នាសប្តាហ៍ក្រោយ៕