(វ៉ាស៉ីនតោន)៖ តម្លៃប្រេង បានហក់ឡើងកាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយបានឡើងថ្លៃជាង ៧ភាគរយនៅពេលដែលអ៉ីស្រាអែល និងអ៉ីរ៉ង់ធ្វេីការវាយប្រហារតាមផ្លូវអាកាស បង្កជាក្តីបារម្ភដល់វិនិយោគិនថាការប្រយុទ្ធគ្នាអាចរំខានយ៉ាងទូលំទូលាយដល់ការនាំចេញប្រេងពីមជ្ឈិមបូព៌ា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ ២០២៥។

សន្ទសន៍ប្រេងឆៅប្រភេទ Brent បានហក់ឡេីងដល់ ៧៤.២៣ដុល្លារក្នុងមួយបារ៉ែល ដែលកើនឡើង ៤.៨៧ដុល្លារ ឬជាង ៧ភាគរយ បន្ទាប់ពីទេីបនឹងឡេីងថ្លៃ។ រីឯប្រេងឆៅរបស់អាមេរិក West Texas Intermediate មានតម្លៃ ៧២.៩៨ដុល្លារក្នុងមួយបារ៉ែល ដែលកើនឡើង ៤.៩៤ដុល្លារ ឬ ៧.៦២ភាគរយ។

អ៉ីស្រាអែល នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា បានបេីកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ ដោយផ្តោតលើរោងចក្រនុយក្លេអ៊ែរ និងយោធាអ៉ីរ៉ង់។ ក្រោយមក អ៉ីរ៉ង់បាន បាញ់មីស៉ីលលេីទីក្រុងធំចំនួនពីររបស់អ៉ីស្រាអែល ជាមួយនិងការព្រមានថានឹងបន្តសងសឹក។

ក្រុមហ៊ុនចម្រាញ់ និងចែកចាយប្រេងជាតិអ៉ីរ៉ង់ បានឱ្យដឹងថា ដំណេីរការចម្រាញ់ប្រេង និងកន្លែងស្តុកទុក មិនបានរងការខូចខាតទេ។ អ៉ីរ៉ង់ជាសមាជិកនៃអង្គការប្រទេសនាំចេញប្រេង (OPEC) បច្ចុប្បន្នផលិតបានប្រហែល ៣.៣លានបារ៉ែលក្នុងមួយថ្ងៃ និងនាំចេញប្រេង និងប្រេងឥន្ធនៈជាង ២លានបារ៉ែលក្នុងមួយថ្ងៃ។

ការវិវត្តដ៍ថ្មីចុងក្រោយរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ ក៏បានធ្វើឱ្យមានការព្រួយបារម្ភអំពីការរំខានដល់ច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនដ៏សំខាន់មួយ។ តាមលោក Ben Hoff ប្រធានផ្នែកស្រាវជ្រាវការចរាចរណ៍ទំនិញនៃក្រុមហ៊ុន Societe Generale រហូតមកដល់ពេលនេះ ការវាយប្រហាររបស់អ៉ីស្រាអែល នាំឱ្យមានការចៀសវាសពីរចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់ រួមទាំងកោះ Kharg ដែលជាស្ថានីយទទួលខុសត្រូវចំពោះការនាំចេញប្រេងឆៅអ៉ីរ៉ង់ប្រហែល ៩០ភាគរយ៕