(សាណា)៖ ក្រុមហ៊ូទីនៅយេម៉ែន ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃអាទិត្យថា ពួកគេបានកំណត់គោលដៅវាយប្រហារទៅលើអ៊ីស្រាអែល ដោយមានការសម្របសម្រួលជាមួយអ៊ីរ៉ង់។ នេះគឺជាលើកទីមួយហើយដែលក្រុមកម្លាំងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានប្រកាសជាសាធារណៈអំពីកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការវាយប្រហារជាមួយទីក្រុងតេអេរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។
អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូទី លោក យេហ៍យ៉ា សារៀ (Yehya Sarea) បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ក្រុមយេម៉ែនមួយនេះបានកំណត់គោលដៅវាយប្រហារទីក្រុង Jaffa ភាគកណ្តាលប្រទេសអ៊ីស្រាអែល ដោយមីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ លោកបានបន្ថែមថា «ដើម្បីជ័យជម្នះសម្រាប់ប្រជាជនប៉ាឡេស្ទីន និងអ៊ីរ៉ង់ដែលរងការជិះជាន់... ប្រតិបត្តិការនេះត្រូវបានសម្របសម្រួលជាមួយប្រតិបត្តិការដែលធ្វើឡើងដោយកងទ័ពអ៊ីរ៉ង់ ប្រឆាំងនឹងសត្រូវអ៊ីស្រាអែលដ៏ឧក្រិដ្ឋ»។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃអាទិត្យ យោធាអ៊ីស្រាអែលបានឲ្យដឹងថា សំឡេងស៊ីរ៉ែនត្រូវបានដាក់ឲ្យដំណើរការនៅក្នុងតំបន់ជាច្រើនក្នុងប្រទេស បន្ទាប់ពីមានការបាញ់បង្ហោះមីស៊ីលពីសំណាក់អ៊ីរ៉ង់ និងយេម៉ែន។ អ៊ីស្រាអែល និងអ៊ីរ៉ង់បានបន្តការវាយប្រហារគ្នាទៅវិញទៅមកដោយមីស៊ីល ចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយប្រហារយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនប្រឆាំងនឹងសត្រូវដ៏យូរអង្វែងមួយនេះកាលពីថ្ងៃសុក្រ៕