(តេអេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ប៉ូលីសបានចាប់ខ្លួនជនសង្ស័យចំនួនពីរនាក់ ជុំវិញការចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យប៉ូលីសម្នាក់ដូច្នេះថា «សមាជិកពីរនាក់នៃក្រុមភេរវករ Mossad ដែលកំពុងផលិតគ្រាប់បែក គ្រឿងផ្ទុះ អន្ទាក់បង្កប់ និងឧបករណ៍អេឡិចត្រូនិក ត្រូវបានចាប់ខ្លួន» នៅក្នុងខេត្ត Alborz ភាគខាងលិចទីក្រុងតេអេរ៉ង់។

គួរបញ្ជាក់ថា ការចាប់ខ្លួននេះកើតឡើងចំពេលមានភាពតានតឹងយ៉ាងខ្លាំងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ កាលពីថ្ងៃសុក្រ អ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងនុយក្លេអ៊ែរ និងយោធានៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបណ្តាលឲ្យមានការខូចខាត និងការស្លាប់មន្ត្រីយោធាអ៊ីរ៉ង់ជាច្រើននាក់។ អាជ្ញាធរអ៊ីរ៉ង់តែងតែចោទប្រកាន់អ៊ីស្រាអែលថាបានធ្វើប្រតិបត្តិការសម្ងាត់ និងការលួចធ្វើឃាតនៅក្នុងទឹកដីរបស់ខ្លួន៕