(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិក ២នាក់ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមិថុនា បានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំទាស់ទៅនឹងផែនការមួយរបស់អ៉ីស្រាអែលកាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បី សម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងចំណោមមន្ត្រីអាមេរិកទាំង២នេះខាងលើ មានម្នាក់ដែលជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ត្រាំ បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ថាតើអ៉ីរ៉ង់បានសម្លាប់ជនជាតិអាមេរិកណាម្នាក់ ហើយឬនៅ? ពិតណាស់ គឺមិនទាន់មានទេ ដូច្នេះទាល់តែពួកគេសម្លាប់ជនជាតិអាមេរិកណាម្នាក់ បើពុំដូច្នោះទេ យើងនឹងមិនពិចារណាពីការតាមប្រមាញ់មេដឹកនាំនយោបាយរបស់ពួកគេទេ»។ មន្ត្រីអាមេរិករូបនេះ បញ្ជាក់ទៀតថា ក្រុមមន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិកកំពុងធ្វើការទំនាក់ទំនងជាប់លាប់ជាមួយក្រុមមន្ត្រីអ៉ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ចាប់តាំងពីអ៉ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៉ីរ៉ង់ ក្នុងគោលបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ តាមមន្ត្រីរូបនេះដដែល ក្រុមមន្ត្រីអ៉ីស្រាអែលត្រូវបានរាយការណ៍ថាពួកគេមានឱកាសមួយដើម្បីសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ តែលោក ត្រាំ បានជំទាស់។
គួរបញ្ជាក់ថា ក្រោយការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ កិច្ចចរចារនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដែលគ្រោងធ្វើឡើងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅក្នុងប្រទេសអូម៉ង់ ត្រូវបានលុបចោល ហើយលោក ត្រាំ បាននិយាយថាលោកផ្ទាល់រំពឹងថាកិច្ចចរចានេះនឹងអាចចាប់ផ្ដើមឡើងវិញ៕