(តេហេរ៉ង់)៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១៥ ខែមិថុនាថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ក្នុងរយៈពេលជាង៣ថ្ងៃមកនេះលើប្រទេសរបស់ខ្លួនបានសម្លាប់មនុស្ស ២២៤នាក់ និងជាង១២០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ លោក Hossein Kermanpour បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ដូច្នេះថា «ក្រោយការឈ្លានពានរយៈពេល ៦៥ម៉ោងដោយរបប Zionist (អ៉ីស្រាអែល) មាន មនុស្ស ១២៧៧នាក់ បានរងរបួស ហើយមនុស្សមានទាំងបុរស ស្ត្រី និងកុមារ ២២៤នាក់បានស្លាប់។ អ្នកនាំពាក្យរូបនេះបន្ថែមថា ៩០ភាគរយនៃអ្នកដែលត្រូវបានសម្លាប់គឺជាជនស៊ីវិល។ ចំណែកខាង អ៉ីស្រាអែលវិញ បានឱ្យដឹងដែរថាមនុស្ស ១៤នាក់បានស្លាប់ និង៣៩០នាក់ បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៉ីរ៉ង់ចាប់តាំងពីថ្ងៃសុក្រមក។
គួរបញ្ជាក់ថា អ៉ីស្រាអែលកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៉ីរ៉ង់ ក្នុងគោលបំណងដែលក្រុមមន្ត្រីអ៉ីស្រាអែលអះអាងថាដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ បន្ទាប់ពីចារកម្មអ៉ីស្រាអែលអះអាងថាតេហេរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមគ្រប់គ្រាន់ ដើម្បីផលិតអាវុធនុយក្លេអ៊ែរ។ ជារឿយៗ អ៉ីរ៉ង់បានអះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិល និងមិនមានមហិច្ឆតា ផលិតអាវុធនុយក្លេអ៊ែរនោះទេ បើទោះជាអ៉ីស្រាអែល និងលោកខាងលិចសង្ស័យថាអ៉ីរ៉ង់កំពុងលួចលាក់អភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរក៏ដោយ៕