(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ទី១៥ ខែមិថុនា បានអះអាងថាអ៉ីស្រាអែលបានសម្លាប់មេចារកម្មអ៉ីរ៉ង់ លោក Mohammad Kazemi នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយ នៅចំពោះមុខការកើនឡើងជម្លោះរវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអះអាងរបស់លោក Netanyahu ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News។ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «កាលពីប៉ុន្មានម៉ោងមុន យើងក៏បាន សម្លាប់ប្រមុខចារកម្ម និងមេចារកម្មរងរបស់អ៉ីរ៉ង់ផងដែរ។ លោកបន្ថែមថាពីឡុតដ៏ក្លាហានកំពុងហោះហើរនៅលើផ្ទៃមេឃនៃទីក្រុងតេហេរ៉ង់ ហើយយើងកំពុងកំណត់គោលដៅលើ ទីតាំងយោធា និងនុយក្លេអ៊ែរ»

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ និងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យក៏បានទទួលស្គាល់ដែរថាលោក Mohammad Kazemi ដែលជាប្រមុខចារកម្មនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ពិតជាត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើទីក្រុងតេហេរ៉ង់៕