(ហ៊្សេរុយសាឡិម)៖ អាជ្ញាធរនៅប្រទេសអ៉ីស្រាអែល បានឱ្យដឹងថា នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា មនុស្សយ៉ាងហោច៥នាក់ បានស្លាប់ និង៩២នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារសងសឹកថ្មីចុងក្រោយពីប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ចំនួនអ្នកស្លាប់និងរបួសទាំងនោះ គឺនៅទីតាំងចំនួន៤ ភាគកណ្តាលប្រទេសអ៉ីស្រាអែល ខណៈប្រតិបត្តិការរុករកនិងជួយសង្រ្គោះ កំពុងតែបន្តនៅទីតាំងចំនួន២ ក្នុងចំណោមទីតាំងទាំង៤។ នៅថ្ងៃចន្ទនេះ អ៉ីរ៉ង់បានបាញ់មីស៉ីលស្រោចមកលើទីក្រុងរបស់អ៉ីស្រាអែលបន្ថែមទៀត បន្ទាប់ពីអ៉ីស្រាអែលបានវាយប្រហារលើគោលដៅយោធា ស្ថិតនៅជ្រៅក្នុងទឹកដីអ៉ីរ៉ង់។

គួរបញ្ជាក់ថា ការវាយប្រហារគ្នាតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ បានផ្ទុះឡើងចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលអ៉ីស្រាអែល បានឆ្មក់បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៉ីរ៉ង់ ដោយកំណត់គោលដៅលើ មេបញ្ជាការយោធាជាន់ខ្ពស់ អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ និងទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែរ។ សរុបមកវិញ ក្នុងការវាយប្រហារសងសឹកគ្នាប៉ុន្មានថ្ងៃមកនេះ នៅអ៉ីរ៉ង់មានអ្នកស្លាប់ជាង២០០នាក់ និងរបួសជាង១០០០នាក់ ខណៈនៅអ៉ីស្រាអែល មានអ្នកស្លាប់ប្រហែលជិត២០នាក់ និងរបួសជាង ៤០០នាក់៕