(Reuters)៖ ទិន្នន័យពីវែបសាយតាមដាននាវា Marine Traffic បានបង្ហាញថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Nimitz បានចាកចេញពីតំបន់សមុទ្រចិនខាងត្បូង នាព្រឹកថ្ងៃចន្ទនេះ ឆ្ពោះទៅកាន់ទិសខាងលិច បន្ទាប់ពីពិធីទទួលស្វាគមន៍ គម្រោងទស្សនកិច្ចរបស់នាវានោះ នៅកំពង់ផែនៃប្រទេសវៀតណាម ត្រូវបានលុបចោល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥។
ដំបូងឡើយ នាវាផ្ទុកយន្តហោះចម្បាំង Nimitz បានគ្រោងចូលទស្សនកិច្ចនៅទីក្រុង Danang ក្នុងសប្តាហ៍នេះ ប៉ុន្តែប្រភពចំនួន២ ក្នុងនោះម្នាក់ជាអ្នកការទូត បានបង្ហើបឱ្យដឹងថា ពិធីទទួលស្វាគមន៍ផ្លូវការ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ត្រូវបានលុបចោល។ ប្រភពមួយក្នុងចំណោមនោះ បានអះអាងថា ស្ថានទូតអាមេរិកនៅទីក្រុងហាណូយ បានប្រាប់ខ្លួនថា ការលុបចោលពិធីស្វាគមន៍ គឺដោយសារ «តម្រូវការប្រតិបត្តិការបន្ទាន់» នៃនាវា Nimitz។
គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះចម្បាំង Nimitz និងក្រុមនាវាយោធាអមដំណើរ បានធ្វើប្រតិបត្តិការសន្តិសុខដែនសមុទ្រ នៅតំបន់សមុទ្រចិនខាងត្បូង កាលពីសប្តាហ៍មុន ក្រោមក្របខណ្ឌនៃការរក្សាវត្តជាប្រចាំរបស់កងទ័ពជើងទឹកអាមេរិក នៅឥណ្ឌូប៉ាស៉ីហ្វិក។ យោងតាមទិន្នន័យពីវែបសាយ Marine Traffic នៅព្រឹកថ្ងៃចន្ទនេះ នាវា Nimitz រួមជាមួយក្រុមនាវាអមដំណើររបស់ខ្លួន បានឆ្ពោះទៅទិសខាងលិចសំដៅរកតំបន់មជ្ឈិមបូព៌ា ជាទីដែលជម្លោះរវាងអ៉ីស្រាអែលនិងអ៉ីរ៉ង់ កំពុងតែកើនឡើងខ្លាំង៕