(ហុងកុង)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ប្រភេទ Boeing 787-8 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលមានគោលដៅឆ្ពោះទៅ ទីក្រុងញូវដែលីនៃប្រទេសឥណ្ឌា បានបកក្បាលត្រឡប់ទៅកាន់ទីក្រុងហុងកុងនៃប្រទេសចិនវិញ នាថ្ងៃចន្ទនេះ បន្ទាប់ពីអាកាសយានិក រកឃើញសង្ស័យមានបញ្ហាបច្ចេកទេស នៅលើផ្ទៃអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥។

អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ទីក្រុងហុងកុង បានឱ្យដឹងថា យន្តហោះខាងលើ ដែលមានជើងហោះហើរ AI315 បានត្រឡប់ទៅចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិ Hong Kong វិញ នាវេលាម៉ោង១៖១៥នាទីរសៀល ក្រោយហោះចាកចេញនៅម៉ោង១២៖២០នាទីថ្ងៃត្រង់។ នាពេលនេះ យន្តហោះនោះ កំពុងស្ថិតក្រោមការត្រួតពិនិត្យសុវត្ថិភាព។

គួរបញ្ជាក់ថា ឧប្បត្តិហេតុខាងលើ កើតមានឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជើងហោះហើរ Air India មួយផ្សេងទៀត ដែលមានគោលដៅឆ្ពោះទៅកាន់ ទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស និងប្រើប្រាស់យន្តហោះ Boeing ស៊េរីដូចគ្នា បានធ្លាក់នៅទីក្រុង Ahmedabad ភាគលិចប្រទេសឥណ្ឌា ក្រោយហោះឡើងបានតែបន្តិច ហើយសម្លាប់មនុស្ស២៤១នាក់ ក្នុងចំណោម២៤២នាក់ ដែលជិះនៅលើនោះ៕