(វ៉ាស៉ីនតោន)៖​ ប្រធានាធិបតី​ លោក​ ដូណាល់​ ត្រាំ​ បាននិយាយថា​ កិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តេញអ្នករស់នៅខុសច្បាប់ ក្នុងសហរដ្ឋអាមេរិក​ ត្រូវតែពង្រីករួមទាំងពីទីក្រុង​ ដូចជា Los Angeles, Chicago និង New York ដែលកំពុងមានការតវ៉ាប្រឆាំងនឹងអាជ្ញាធរអន្តោប្រវេសន៍។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃចន្ទ​ ទី១៦​ ខែមិថុនា​ ឆ្នាំ​ ២០២៥។

លោក ត្រាំ កំពុងអនុវត្តពាក្យសន្យាបណ្តេញជនអន្តោប្រវេសន៍​ ដោយប្រើប្រាស់យុទ្ធសាស្ត្របង្ខំ​ ដែលបានធ្វើឱ្យលោកជាប់ឆ្នោតពីរលេីកជាប្រធានាធិបតីអាមេរិក។ តាមសេចក្តីរាយកាណ៍របស់ Reuters កាលពីថ្ងៃសៅរ៍​ រដ្ឋបាលរបស់លោក បានដឹកនាំមន្ត្រីអន្តោប្រវេសន៍ដោយផ្ទាល់​ ចុះទៅឆែកឆេរនៅតាមកសិដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន និងរោងចក្រនានា​។

លោក ត្រាំ បាន​​បញ្ជាក់តាមបណ្តាញសង្គម Truth Social ថា​ «​ខ្ញុំ​បាន​ដឹកនាំ​រដ្ឋបាល​ទាំងមូល​របស់​ខ្ញុំ​ ឱ្យដាក់ធនធាន​ដែល​អាច​ធ្វើ​ទៅ​បាន​បន្ថែមលេីកិច្ច​ប្រឹងប្រែង​នេះ»។

លោក​ ត្រាំ​ មិន​បាន​លម្អិត​ទេថា​តើ​លោក​មាន​បំណង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ណា​នោះ។ ការអត្ថាធិប្បាយនេះកើតមានឡេីង បន្ទាប់ពីភាពតានតឹងមួយសប្តាហ៍នៅក្នុងទីក្រុង Los Angeles ជាកន្លែងដែលមានការដាក់ពង្រាយទ័ពឆ្មាំជាតិ និងទាហានម៉ារីនអាមេរិក​ឱ្យទៅជួយរក្សាសន្តិភាព ហេីយខ្ទាស់នឹងអភិបាលរដ្ឋ​ California លោក​ Gavin Newsom៕