(ហ៊្សេរុយសាឡិម)៖ មុនព្រឹកព្រលឹមថ្ងៃចន្ទនេះ មីស៉ីលរបស់អ៉ីរ៉ង់បានវាយប្រហារលើទីក្រុង Tel Aviv និងទីក្រុង Haifa របស់ប្រទេសអ៉ីស្រាអែល បណ្តាលឱ្យស្លាប់មនុស្សយ៉ាងហោច៨នាក់ ហើយរដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល បានចេញមុខព្រមានថា ប្រជាជនដែលរស់នៅក្នុងរដ្ឋធានីតេហេរ៉ង់របស់អ៉ីរ៉ង់ នឹងត្រូវទទួលផលតបស្នងអាក្រក់ទៅវិញក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥។
តួលេខមនុស្សស្លាប់ខាងលើ នាំឱ្យចំនួនអ្នកស្លាប់នៅខាងអ៉ីស្រាអែល កើនដល់២៤នាក់។ ដោយឡែក បើតាមក្រសួងសុខាភិបាលអ៉ីរ៉ង់ ការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ បានផ្តាច់ជីវិតមនុស្សយ៉ាងហោចជាង២០០នាក់ គិតចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន។ ក្នុងការវាយប្រហារនាថ្ងៃចន្ទនេះ ក៏បានបណ្តាលឱ្យមនុស្សជាង១០០នាក់រងរបួស នៅអ៉ីស្រាអែលផងដែរ ខណៈវាគឺជាផ្នែកមួយនៃរលកវាយប្រហារសងសឹកវិញរបស់អ៉ីរ៉ង់ មកលើអ៉ីស្រាអែល បន្ទាប់ពីអ៉ីស្រាអែល ជាអ្នកបានបើកការវាយប្រហារទ្រង់ទ្រាយធំមុនលើអ៉ីរ៉ង់។
រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz បាននិយាយថា «មេដឹកនាំផ្តាច់ការនៃរបបទីក្រុងតេហេរ៉ង់ បានក្លាយខ្លួនជា ឃាតករដ៏កំសាក ដែលបានកំណត់គោលដៅមកលើ លំនៅដ្ឋានរបស់ជនស៉ីវិលនៅអ៉ីស្រាអែល ដើម្បីរារាំងកុំឱ្យយោធាអ៉ីស្រាអែល បន្តការវាយប្រហារ ដែលកំពុងធ្វើឱ្យអំណាចរបស់ខ្លួនស្រុតចុះ។ ប្រជាជនដែលរស់នៅទីក្រុងតេហេរ៉ង់ នឹងត្រូវទទួលរងផលតបស្នងអាក្រក់ទៅវិញ នៅក្នុងពេលឆាប់ៗ»។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ តួលេខអ្នកស្លាប់សរុបនៅក្នុងប្រទេសអ៉ីរ៉ង់ ដោយសារការវាយប្រហាររបស់អ៉ីស្រាអែលចាប់តាំងពីថ្ងៃសុក្រ គឺមានយ៉ាងហោច ២២៤នាក់ ក្នុងនោះ៩០ភាគរយត្រូវបានរាយការណ៍ថា ជាជនស៉ីវិល ខណៈបើយោងតាមអាជ្ញាធរអ៉ីស្រាអែល ចំនួនអ្នកស្លាប់ទាំងអស់នៅអ៉ីស្រាអែល គឺជាជនស៉ីវិល។ នៅព្រឹកថ្ងៃចន្ទនេះ យោធាអ៉ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារជាថ្មីម្តងទៀតទៅលើ ទីបញ្ជាការរបស់កងឆ្មាំបដិវត្តន៍ និងយោធាអ៉ីរ៉ង់៕