(ប៉េកាំង)៖ កិច្ចសន្ទនារវាងភាគីទាំងពីរចិននិងអាមេរិកនៅក្រុងឡុងដ៍ ប្រកបដោយភាពស្មោះត្រង់និងស៊ីជម្រៅ ធ្វើឱ្យមជ្ឈដ្ឋានសាធារណមតិមានសុទិដ្ឋិនិយម និងការតាមដានយ៉ាងមធ្យ័តចំពោះអនាគតនៃកិច្ចពិគ្រោះពិភាក្សា អំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក។ បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានប្រកាសលទ្ធផលនៃការស្ទង់មតិ ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែត ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ យល់ឃើញជាទូទៅថា កិច្ចសន្ទនាលើកនេះបានបញ្ចេញសញ្ញាវិជ្ជមាន សម្រាប់ការអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរដែលឈានដល់ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ និងបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរ ហើយអំពាវនាវឱ្យអាមេរិកដើរ ស្របតាមទិសដៅជាមួយភាគីចិន ដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមក្នុងកិច្ចប្រជុំ។
អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៥,២ភាគរយយល់ឃើញថា ការដែលចិននិងអាមេរិកបង្កើនកិច្ចសហប្រតិបតិ្តការ ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម មិនត្រឹមតែមានអំណោយផលដល់ការអភិវឌ្ឍរៀងខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការធានាដ៏សំខាន់ ចំពោះស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកលលោកផងដែរ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៧,១ភាគរយយល់ឃើញថា ការដែលទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងអាមេរិកអភិវឌ្ឍប្រកបដោយភាពល្អ បរិសុទ្ធនិងស្ថិរភាព មិនត្រឹមតែអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមរួមចំណែកដ៏សំខាន់ដល់ កំណើនសេដ្ឋកិច្ចសកលផងដែរ។
បណ្តាញ CNN របស់អាមេរិក បានបង្ហាញពីសុទិដ្ឋិនិយមនិងការតាមដានយ៉ាងមធ្យ័ត ចំពោះគំនិតឯកភាពរួមក្នុងកិច្ចសន្ទនា និងលើកឡើងថា “គ្មានអ្នកណាចង់ត្រឡប់ទៅរកស្ថានការណ៍បដិបក្ខគ្នាដូចខែមេសានោះឡើយ។” តាមពិតទៅ អាមេរិកបង្កជម្លោះពាណិជ្ជកម្មក្រោមហេតុផល “ខាតបង់” គឺគ្មានភស្តុតាងជាក់ស្តែង ពីព្រោះ ឱនភាពពាណិជ្ជកម្មរបស់អាមេរិក ជាមួយប្រទេសចិនបានកាត់បន្ថយពីចំនួន៤៧,៥ភាគរយ កាលពីឆ្នាំ២០១៨ មកនៅត្រឹម២៤,៦ភាគរយកាលពីឆ្នាំ២០២៤ ដែលឱនភាពពាណិជ្ជកម្មរបស់អាមេរិក ជាមួយប្រទេសចិននៅឆ្នាំ២០២៤ មានទំហំ២៧,៣ប៊ីលានដុល្លារអាមេរិក។
ការស្ទង់មតិលើកនេះបានធ្វើឡើងតាមរយៈបណ្តាញ CGTN ភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាអារ៉ាប់ និងភាសារុស្ស៊ី ក្នុងរយៈពេលតែ២៤ម៉ោង ក៏មានអ្នកផ្តល់បទសម្ភាសន៍ចំនួន៥១៣០នាក់ ចូលរួមបោះឆ្នោតនិងបញ្ចេញមតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន