(ប៉េកាំង)៖ សំដៅចំពោះកិច្ចប្រជុំលើកដំបូងនៃយន្តការពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាមេរិក ដែលបានប្រារព្ធធ្វើនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែមិថុនា ប្រព័ន្ធសារព័ត៌មានអន្តរជាតិ បានផ្តោតការយកចិត្តទុកដាក់យ៉ាងដិតដល់។

កិច្ចប្រជុំនេះគឺជាកិច្ចពិគ្រោះពិភាក្សាដ៏សំខាន់មួយលើក ដែលធ្វើឡើងក្រោមការណែនាំនៃគំនិតឯកភាពរួម ជាយុទ្ធសាស្រ្តរបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិក ក្នុងកិច្ចជំនួប តាមទូរស័ព្ទកាលពីថ្ងៃទី ៥ ខែមិថុនា ។ ក្នុងរយៈពេល ២ ថ្ងៃកន្លងទៅនេះ ភាគីទាំងពីរ ចិននិងសហរដ្ឋអាមេរិកបានធ្វើការពិគ្រោះពិភាក្សាយ៉ាងស្មោះត្រង់ និងស៊ីជម្រៅដោយបានមូលមតិជាឯកច្ឆន្ទ អំពីការអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរក្នុងកិច្ចជំនួបតាមទូរស័ព្ទ កាលពីថ្ងៃទី៥ខែមិថុនានិងក្របខ័ណ្ឌវិធានការ សម្រាប់ពង្រឹងសមិទ្ធផលនៃកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ដែលទទួលបានការវិវឌ្ឍរីកចម្រើនថ្មីអំពី ការដោះស្រាយកង្វល់ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរៀងៗខ្លួន ។ ភាគីទាំងពីរសុទ្ធតតែ បានសង្កត់ធ្ងន់ថា នឹងដើរស្របតាមទិសដៅតែមួយ និងអនុវត្តយ៉ាងប្រាកដប្រជានូវគំនិតឯកភាពរួមនៃកិច្ចប្រជុំនេះ ។

ភាគីចិនមានចិត្តស្មោះចំពោះភាគីអាមេរិក ក្នុងការដើរស្របតាមទិសដៅតែមួយ។ បន្ទាប់ពីកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវបានឈានដល់ គំនិតឯកភាពរួមកាលពីខែឧសភា ឆ្នាំនេះ ភាគីចិនបានអនុវត្តកិច្ចព្រមព្រៀងនេះយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់ ហើយបានលុបចោលឬផ្អាកវិធានការពាក់ព័ន្ធ និងមិនពាក់ព័ន្ធពន្ធគយដែលសំដៅ ចំពោះពន្ធគយបដិការ របស់សហរដ្ឋអាមេរិក ដោយឡែកកាលពីថ្ងៃទី ៥ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកតាមការណាត់ដោយ បានចង្អុលបង្ហាញពីទិសដៅអភិវឌ្ឍន៍របស់នាវាយក្ស នៃទំនាក់ទំនងរវាងចិននិងអាមេរិក។ ប៉ុន្មានថ្ងៃក្រោយមក ប្រទេសចិននិងសហរដ្ឋអាមេរិក ក៏បានប្រារព្ធធ្វើកិច្ចប្រជុំលើកដំបូង នៃយន្តការពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នេះគឺជាវិធានការដ៏សំខាន់សម្រាប់អនុវត្តស្មារតី នៃកិច្ចសន្ទនា តាមទូរស័ព្ទរវាងមេដឹកនាំចិននិងសហរដ្ឋអាមេរិក ដែលបានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវខ្ពស់ ជាប់រហូតមករបស់ភាគីចិន។

ព្រមពេលជាមួយគ្នានេះ ភាគីចិនក៏មានគោលការណ៍ដែរ ការគំរាមកំហែងចំពោះប្រទេសចិន វាទៅមិនរួចទេ ។ អាកប្បកិរិយារបស់ចិន គឺ ច្បាស់លាស់ណាស់ ពោលគឺ សហរដ្ឋអាមេរិកគួរលុបចោលវិធានការអវិជ្ជមាន ដែលបានអនុវត្តចំពោះប្រទេសចិន។ គំនិតឯកភាពរួមដែលបានឈានដល់ ក្នុងកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិកនៅទីក្រុងឡុងដ៍ គឺបានមកដោយមិនងាយទេ ហើយភាគីទាំងពីរគួររួមគ្នាគាំពារ។

សង្គ្រាមពាណិជ្ជកម្មគឺ គ្មានអ្នកឈ្នះទេ ភាគីចិនមិនចង់ធ្វើសង្គ្រាមទេ ប៉ុន្តែក៏មិនខ្លាចផងដែរ។ តាមទិន្នន័យថ្មីបំផុត ដែលចេញផ្សាយដោយ អគ្គរដ្ឋបាលគយចិនបង្ហាញឱ្យឃើញថា ទំហំនាំចេញនាំចូលទំនិញសរុបរបស់ប្រទេសចិនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥ គឺមានចំនួន ១៧,៩៤ ទ្រីលានយាន់ប្រាក់ចិន កើនឡើង២,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន ដែលបានរក្សាភាពធន់ខ្លាំងបង្គួរក្រោមសម្ពាធពីខាងក្រៅ។ ប្រការនេះបានបញ្ជាក់ម្តងទៀតថា សេដ្ឋកិច្ចចិន គឺជាមហាសាគរមួយ ដែលមានទីបង្អែក និងមានជំនឿចិត្តក្នុងការទប់ទល់នឹងរលកធំៗ។

នៅក្នុងពិភពលោកដែលមានភាពរង្គោះរង្គើ អ្នកផងទាំងពួងត្រូវការដំណឹងល្អ។ ជានិច្ចកាល ចិនតែងតែអនុវត្តតាមការសន្យារបស់ខ្លួន ហើយទទួលបានសមិទ្ធផលពីការអនុវត្ត។ យើងរំពឹងថាភាគីអាមេរិកនឹងដើរស្របតាមទិសដៅតែមួយ ជាមួយភាគីចិនដើម្បីអនុវត្ត គំនិតឯកភាពរួមនិងអនុសាសន៍ណែនាំដ៏សំខាន់របស់ ប្រមុខរដ្ឋនៃប្រទេសទាំងពីរក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជំរុញឱ្យយន្តការពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក ដើរតួនាទីឱ្យបានល្អថែមមួយកម្រិតទៀត ក៏ដូចជាបង្កើនគំនិតឯកភាពរួមជាបន្តបន្ទាប់ កាត់បន្ថយការយល់ច្រឡំនិងពង្រឹងកិច្ចសហប្រតិបត្តិការ ។ នេះមិនត្រឹមតែជា ទំនួលខុសត្រូវចំពោះប្រជាជននៃប្រទេសទាំងពីរចិន និងអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏ជាទំនួលខុសត្រូវចំពោះប្រជាជន ទូទាំងពិភពលោកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន