(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ យោធាអ៉ីស្រាអែលបាននិយាយថា ខ្លួនកម្ទេចបានប្រហែលជា១ភាគ៣ នៃប្រព័ន្ធបាញ់មីស៉ីលប្រភេទ surface-to-surface (បាញ់ចេញពីផ្ទៃដីសំដៅទៅគោលដៅនៅផ្ទៃដី) របស់អ៉ីរ៉ង់ ខណៈការវាយប្រហារដាក់គ្នារវាងប្រទេសទាំងពីរ បន្តចូលដល់ថ្ងៃទី៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យយោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យន្តហោះចម្បាំង និងយន្តហោះយោធាជាង៥០គ្រឿង បានធ្វើប្រតិបត្តិការវាយប្រហារនិងកម្ទេច ប្រព័ន្ធបាញ់មីស៉ីល surface-to-surface ជាង១២០គ្រឿង។ ចំនួននេះគឺស្មើទៅនឹង ១ភាគ៣នៃប្រព័ន្ធបាញ់មីស៉ីល surface-to-surface ទាំងអស់ ដែលប្រទេសអ៉ីរ៉ង់មាន»។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ អ៉ីរ៉ង់បានបន្តបាញ់ស្រោចមីស៉ីលមកលើទីក្រុងរបស់អ៉ីស្រាអែល ដែលបណ្តាលឱ្យមនុស្សយ៉ាងហោច ៨នាក់ស្លាប់ និងជាង១០០នាក់របួស។ បើតាមអាជ្ញាធរអ៉ីស្រាអែល គិតត្រឹមពេលនេះ មនុស្សសរុប២៤នាក់បានស្លាប់ និងជាង៤០០នាក់បានរងបួស ក្នុងការវាយប្រហារសងសឹកជាបន្តបន្ទាប់ពីអ៉ីរ៉ង់។
ដោយឡែក ក្នុងថ្ងៃដដែលនេះ ខាងយោធាអ៉ីស្រាអែល ក៏បានបន្តប្រតិបត្តិការវាយប្រហាររបស់ខ្លួន ទៅលើអ៉ីរ៉ង់ផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលអ៉ីរ៉ង់ មនុស្សសរុបយ៉ាងហោច ២២៤នាក់ស្លាប់ និងជាង១០០០នាក់របួស ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន ជាពេលដែលអ៉ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំមុន តាមផ្លូវអាកាសទៅលើអ៉ីរ៉ង់៕