(ហ្គាហ្សា)៖ ការបាញ់ប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងតិច៤០នាក់នៅថ្ងៃចន្ទនេះ ដោយពាក់កណ្តាលនៃចំនួននេះស្លាប់នៅជិតទីតាំងចែកចាយជំនួយរបស់មូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដែលគាំទ្រដោយអាមេរិក។ នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា ខណៈមន្ត្រី UN ថ្កោលទោសវិធីសាស្ត្រចែកចាយជំនួយដែលគាំទ្រដោយអ៊ីស្រាអែល។ នេះបើយោងតាម Reuters។

ក្រុមគ្រូពេទ្យបញ្ជាក់ថា យ៉ាងតិច២០នាក់ស្លាប់ និង២០០នាក់របួសនៅជិតទីតាំងចែកចាយជំនួយក្នុងក្រុងរ៉ាហ្វា។ នេះជាហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំចុងក្រោយ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់រយនាក់ដែលព្យាយាមទៅយកស្បៀង ចាប់តាំងពីអ៊ីស្រាអែលដាក់ចេញប្រព័ន្ធចែកចាយថ្មី ក្រោយបន្ធូរបន្ថយការបិទខ្ទប់។

អ៊ីស្រាអែលបានប្រគល់ការចែកចាយជំនួយភាគច្រើនទៅឲ្យ GHF ដែលដំណើរការទីតាំងបីកន្លែងក្រោមការយាមកាមពីកងទ័ពអ៊ីស្រាអែល។ UN បានច្រានចោលផែនការនេះ ដោយអះអាងថា ការចែកចាយរបស់ GHF មិនគ្រប់គ្រាន់ គ្រោះថ្នាក់ និងរំលោភគោលការណ៍អព្យាក្រឹតភាពមនុស្សធម៌។

យោធាអ៊ីស្រាអ៊ែលមិនទាន់ធ្វើអត្ថាធិប្បាយទេ។ ទោះជាយ៉ាងណា ក្នុងហេតុការណ៍មុនៗ យោធាអ៊ីស្រាអែលបានទទួលស្គាល់ថាបានបាញ់ប្រហារនៅជិតទីតាំងជំនួយ ដោយទម្លាក់កំហុសលើក្រុមសកម្មប្រយុទ្ធ៕