(តេអេរ៉ង់)៖ ទីក្រុងតេអេរ៉ង់បានស្នើសុំឲ្យប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអូម៉ង់ ធ្វើការជំរុញប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឲ្យប្រើប្រាស់ឥទ្ធិពលរបស់លោកទៅលើអ៊ីស្រាអែល ដើម្បីឲ្យយល់ព្រមលើបទឈប់បាញ់ជាបន្ទាន់ជាមួយអ៊ីរ៉ង់ ជាថ្នូរនឹងភាពបត់បែនរបស់ទីក្រុងតេអេរ៉ង់នៅក្នុងការចរចានុយក្លេអ៊ែរ។ នេះបើយោងតាមប្រភពអ៊ីរ៉ង់ចំនួនពីរ និងប្រភពក្នុងតំបន់ចំនួនបី ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា ការស្នើសុំរបស់អ៊ីរ៉ង់ឲ្យមានការអន្តរាគមន៍ពីសំណាក់ប្រទេសឈូងសមុទ្រ ដែលជាសម្ព័ន្ធមិត្តសំខាន់របស់សហរដ្ឋអាមេរិក អាចជាការប៉ុនប៉ងមួយដើម្បីស្វែងរកច្រកចេញតាមរយៈការទូត និងបញ្ចៀសការកើនឡើងកម្តៅបន្ថែមទៀតនៃជម្លោះ។ ភាពបត់បែននៅក្នុងការចរចានុយក្លេអ៊ែរ អាចជាការផ្តល់សម្បទានមួយដែលអ៊ីរ៉ង់ត្រៀមខ្លួនផ្តល់ជូន ដើម្បីសម្រេចបាននូវបទឈប់បាញ់។ ទោះជាយ៉ាងណា មិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយពីសំណាក់សហរដ្ឋអាមេរិក ឬអ៊ីស្រាអែលចំពោះសំណើនេះនៅឡើយទេ៕