(តេហេរ៉ង់)៖ អ៉ីរ៉ង់បានថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែល លើអគារស្ថានីយទូរទស្សន៍រដ្ឋមួយក្នុងរដ្ឋធានីតេហេរ៉ង់ កាលពីថ្ងៃចន្ទ ទី១៦ ខែមិថុនា ដោយចាត់ទុកថាជាឧក្រិដ្ឋកម្មសង្រ្គាម ហើយអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ចេញចំណាត់ការជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការវាយប្រហារមួយរបស់អ៉ីស្រាអែល កាលពីថ្ងៃចន្ទ បានធ្លាក់ចំស្ថានីយទូរទស្សន៍ Islamic Republic of Iran Broadcasting (IRIB) ក្នុងពេលពិធីការនីម្នាក់កំពុងអានព័ត៌មាន។ អ្នកនាំពាក្យ ក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei បានគូសបញ្ជាក់ដូច្នេះថា «ការវាយប្រហារលើអគាររបស់ IRIB អំឡុងការផ្សាយផ្ទាល់ គឺជាទង្វើព្រៃផ្សៃ និងជាឧក្រិដ្ឋកម្មសង្រ្គាមួយ»។ អ្នកនាំពាក្យរូបនេះបន្ថែមថា «ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ត្រូវតែធ្វើសកម្មភាពក្នុងពេលឥលូវនេះ ដើម្បីបញ្ឈប់ជនឈ្លានពានប្រល័យពូជសាសន៍ (អ៉ីស្រាអែល) កុំឱ្យបន្ត ប្រព្រឹត្តអំពើឃោរឃៅប្រឆាំងប្រជាជនរបស់យើង»។
គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក អ៉ីរ៉ង់បានអះអាងថាមនុស្ស ២២៤នាក់ ក្នុងនោះរួមមានមេបញ្ជាការយោធាកំពូលៗ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល ខណៈមនុស្ស ២៤នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារសងសឹករបស់អ៉ីរ៉ង់លើអ៉ីស្រាអែល។ អ៉ីស្រាអែលកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបើកការវាយប្រហារ តាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៉ីរ៉ង់ ដែលក្រុមមន្ត្រីអ៉ីស្រាអែលអះអាងថាដើម្បីទប់ស្កាត់ឱ្យកុំឱ្យអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ៕