(កៀវ)៖ អាជ្ញាធរនៅប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា បានឱ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស នៅរដ្ឋធានីកៀវ ខណៈនៅតំបន់ Odesa និង Chernigiv ក៏មានការរាយការណ៍អំពីអ្នករងរបួសបន្ថែមទៀតផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន Igor Klymenko បានសរសេរនៅលើ Telegram ថា៖ «យប់កន្លងទៅនេះ ទីតាំងចំនួន ២៧កន្លែង នៅសង្កាត់ផ្សេងគ្នាក្នុងទីក្រុងកៀវ បានរងការវាយប្រហារពីសត្រូវ»។ លោកបានបន្ថែមថា «អគារស្នាក់នៅ អគារអប់រំ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បានរងការបំផ្លិចបំផ្លាញ»។
លោក Klymenko បានបន្តថា៖ «ចំនួនអ្នកស្លាប់បានកើនដល់ ១៤ នាក់។ បច្ចុប្បន្ន មានមនុស្ស ៤៤ នាក់ រងរបួសនៅទីក្រុងកៀវ»។ លើសពីនេះ មាន៦នាក់របួសនៅ Odesa និងម្នាក់ទៀតនៅ Chernigiv។ អភិបាលទីក្រុងកៀវ លោក Vitali Klitschko បានប្រកាសអំពីការស្លាប់នៃពលរដ្ឋអាមេរិកម្នាក់ ក្នុងការវាយប្រហាររបស់រុស្ស៊ីនៅទីក្រុងកៀវ។
ទីក្រុងម៉ូស្គូបានបន្តការវាយប្រហារទៅលើអ៊ុយក្រែន ទោះបីមានការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការសម្របសម្រួលឲ្យមាន ការបញ្ឈប់បាញ់គ្នាក៏ដោយ។ ការចរចារបានជាប់គាំងមកទល់ពេលនេះ។ ម៉ូស្គូបានបដិសេធលក្ខខណ្ឌ «បញ្ឈប់បាញ់គ្នាដោយគ្មានលក្ខខណ្ឌ» ដែលអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនបានស្នើសុំ។ រីឯអ៊ុយក្រែនក៏បានច្រានចោល ការទាមទាររបស់រុស្ស៊ីជា ការដាក់ឱសានវាទ។
កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកសង្ឃឹមថានឹងបានពិភាក្សាជាមួយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្រៅព្រឹត្តិការណ៍កិច្ចប្រជុំកំពូល G7 ក្នុងប្រទេសកាណាដា។ ប៉ុន្តែគេរំពឹងថា មេដឹកនាំអ៊ុយក្រែនរូបនេះ ទម្រាំតែនឹងទៅដល់កិច្ចប្រជុំ G7 គឺក្រោយលោក ត្រាំ បានចាកចេញបាត់ទៅហើយ។ ព្រោះលោក ត្រាំ បានកាត់បន្ថយរយៈពេលស្នាក់នៅប្រទេសកាណាដា ខណៈអ៉ីស្រាអែលនិងអ៉ីរ៉ង់ កំពុងវាយប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនៅមជ្ឈិមបូព៌ា៕