(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា យោធាអ៉ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់មេបញ្ជាការយោធាកំពូលរបស់អ៉ីរ៉ង់ លោក Ali Shadmani ក្នុងការវាយប្រហារតាមផ្លូវអាកាស កាលពីវេលាយប់កន្លងទៅ លើរដ្ឋធានីតេហេរ៉ង់ ហើយបានអះអាងថា មេបញ្ជាការរូបនោះ គឺជាមនុស្សជំនិតបំផុតរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
យោធាអ៉ីស្រាអែលបាននិយាយថា បើគិតតាមអំណាចជាក់ស្តែង លោក Shadmani គឺជាមេបញ្ជាការយោធាជាន់ខ្ពស់បំផុតរបស់អ៉ីរ៉ង់ មានរហស្សនាម «នាយអគ្គសេនាធិការសង្រ្គាម» និងជាមេទ័ពដ៏ជំនិតបំផុតរបស់លោក Ali Khameni។ បើតាមយោធាអ៉ីស្រាអែល លោក Shadmani មានតួនាទីបញ្ជាលើទាំងកងកម្លាំងឆ្មាំបដិវត្តន៍ IRGC និងកងកម្លាំងប្រដាប់អាវុធរបស់អ៉ីរ៉ង់។ ក្រោមការដឹកនាំរបស់ លោក Shadmani ទីបញ្ជាការកណ្តាលហៅថា Khatam-al Anbiya ទទួលបន្ទុករៀបចំប្រតិបត្តិការប្រយុទ្ធ និងអនុម័តផែនការវាយប្រហាររបស់ប្រទេសអ៉ីរ៉ង់។
គួរបបញ្ជាក់ថា លោក Ali Shadmani បានឡើងដឹកនាំជាប្រមុខទីបញ្ជាការ Khatam-al Anbiya បានត្រឹម៤ថ្ងៃប៉ុណ្ណោះ ជំនួសមេបញ្ជាការចាស់គឺលោក Gholam Ali Rashid ដែលត្រូវបានសម្លាប់ ក្នុងការវាយប្រហារបើកឆាករបស់អ៉ីស្រាអែល កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលបានផ្តាច់ជីវិតមេទ័ពកំពូលៗអ៉ីរ៉ង់ប៉ុន្មានរូបផ្សេងទៀត ផងដែរ។ កាលពីមុន លោក Shadmani ធ្លាប់កាន់តួនាទីជា មេបញ្ជាការរងនៃទីបញ្ជាការ Khatam-al Anbiya និងជាប្រធានគ្រប់គ្រងប្រតិបត្តិការនៅក្នុងកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់៕