(អ៉ីស្លាម៉ាបាដ)៖ ប៉ាគីស្ថាន បានបិទច្រកព្រំដែនគោកទាំងអស់របស់ខ្លួន ជាមួយអ៉ីរ៉ងដែលជាប្រទេសជិតខាង ដោយមិនកំណត់ពេល ខណៈដែលប្រទេសនេះ កំពុងមានភាពតានតឹងខ្លាំងជាមួយអ៉ីស្រាអែល ជាមួយនិងការគំរាមកំហែងវាយប្រហារគ្នាបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ ២០២៥។
មន្រ្តីជាន់ខ្ពស់ក្នុងខេត្ត Balochistan ដែលនៅជាប់ព្រំដែនអ៉ីរ៉ង់ លោក Qadir Bakhsh Pirkani បានប្រាប់ AFP ថា «ច្រកព្រំដែននៅក្នុងស្រុកទាំង ៥ គឺ Chaghi, Washuk, Panjgur, Kech និង Gwadar ត្រូវបានផ្អាកដំណើរការ»។ ចំណែក មន្រ្តីនៅព្រំដែនស្រុក Chaghi បាននិយាយថា ការឆ្លងចូលទៅក្នុងប្រទេសអ៉ីរ៉ង់ត្រូវផ្អាក រហូតដល់មានការជូនដំណឹងបន្ថែម។ យ៉ាងនេះក្តី មិនមានការបិទសកម្មភាពពាណិជ្ជកម្មនៅព្រំដែនទេ ហើយពលរដ្ឋប៉ាគីស្ថាន ដែលត្រូវចេញពីអ៉ីរ៉ងចូលមកប្រទេសវិញ អាចឆ្លងកាត់បាន។ តាមរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Ishaq Dar អ្នកធ្វើធម្មយាត្រាប៉ាគីស្ថានចំនួន ៤៥០នាក់ ត្រូវបានជម្លៀសចេញពីអ៉ីរ៉ង់ ដោយមានច្រើនទៀតត្រូវអនុវត្តតាម ដូចជាមកពីអ៉ីរ៉ាក់ ខណៈប្រទេសពីរនេះ កំពុងរៀបចំពិធីសាសនាឥស្លាម Shiite។
គួរបញ្ជាក់ថា អ៉ីស្រាអែលកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបើកការវាយប្រហារ តាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៉ីរ៉ង់ ដែលក្រុមមន្ត្រីអ៉ីស្រាអែលអះអាងថា ដើម្បីទប់ស្កាត់ឱ្យកុំឱ្យអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។ អ៉ីរ៉ង់បានអនុវត្តការវាយប្រហារសងសឹកវិញ លើទីក្រុងរបស់អ៉ីស្រាអែល៕