(ម៉ូស្គូ)៖ មន្ត្រីសន្តិសុខជាន់ខ្ពស់រុស្ស៊ី លោក សឺហ្គៃ ស៊យហ្គូ (Sergei Shoigu) បានបើកកិច្ចពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) ជាលើកទីពីរក្នុងរយៈពេលពីរសប្តាហ៍ នៅថ្ងៃអង្គារនេះ ហើយបាននិយាយថា លោកកំពុងអនុវត្ត «ការណែនាំពិសេស» ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

លោក ស៊យហ្គូ ដែលជាលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងជាអតីតរដ្ឋមន្ត្រីការពារជាតិដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ពូទីន ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង និងបានជួបលោក គីម កាលពីថ្ងៃទី២១ ខែមីនា និងថ្ងៃទី៤ ខែមិថុនា ខណៈដែលទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាងកំពុងរឹតចំណងមិត្តភាពកាន់តែជិតស្និទ្ធ ដើម្បីប្រឈមមុខនឹងអ្វីដែលពួកគេហៅថាជាការគំរាមកំហែងពីបស្ចិមលោក។

កាសែតរដ្ឋរុស្ស៊ី Rossiiskaya Gazeta ដែលបានរាយការណ៍ថា លោក ស៊យហ្គូ និងលោក គីម កំពុងធ្វើការពិគ្រោះយោបល់ផ្នែកសន្តិសុខយ៉ាងទូលំទូលាយនៅថ្ងៃអង្គារ បានចេញផ្សាយវីដេអូមួយដែលបង្ហាញពីលោក គីម ដែលស្លៀកពាក់ឈុតប្រពៃណីម៉ៅ កំពុងអោបលោក ស៊យហ្គូ នៅពេលមកដល់ មុនពេលអមដំណើរលោកទៅកាន់សាលប្រជុំមួយដែលមានតុចរចាដ៏វែងមួយ។

លោក គីម បាននិយាយថា «ពីរសប្តាហ៍បានកន្លងផុតទៅ ហើយយើងបានជួបគ្នាម្តងទៀត»។ លោក ស៊យហ្គូ បានឆ្លើយតបថា​​ «ការណែនាំរបស់ប្រធានាធិបតីត្រូវតែបំពេញ» ហើយបានយល់ស្របភ្លាមៗនៅពេលដែលលោក គីម បាននិយាយថា ការមកទស្សនកិច្ចញឹកញាប់របស់លោក ស៊យហ្គូ បង្ហាញថា ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាងកំពុងកាន់តែរឹងមាំ។

គួរបញ្ជាក់ថា នៅក្នុងសារមួយកាលពីសប្តាហ៍មុន លោក គីម បានហៅលោក ពូទីន ថាជា «សមមិត្តជាទីស្រឡាញ់បំផុត» របស់លោក ហើយបានលើកសរសើរទំនាក់ទំនងទ្វេភាគីរបស់ពួកគេថាជា «ទំនាក់ទំនងពិតប្រាកដរវាងសមមិត្តរួមអាវុធ»