(ហ្គាហ្សា)៖ រថក្រោះអ៊ីស្រាអែលបានបាញ់ប្រហារលើហ្វូងមនុស្សដែលព្យាយាមទៅយកជំនួយពីឡានដឹកទំនិញនៅហ្គាហ្សាកាលពីថ្ងៃចន្ទ បណ្តាលឲ្យមនុស្សយ៉ាងតិច៥១នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារ ព័ត៌មាន​ Reuters នៅថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០២៥។

វីដេអូបង្ហាញសាកសពជាច្រើននៅទីក្រុង Khan Younis។ យោធាអ៊ីស្រាអែលទទួលស្គាល់ការបាញ់ប្រហារ និងកំពុងពិនិត្យឧបទ្ទវហេតុនេះ។ សាក្សីនិយាយថា រថក្រោះអ៊ីស្រាអែលបាញ់យ៉ាងតិចពីរគ្រាប់លើហ្វូងមនុស្សរាប់ពាន់នាក់ ដែលប្រមូលផ្តុំគ្នាដើម្បីរង់ចាំស្បៀង។ លោក Alaa សាក្សីម្នាក់ បាននិយាយថា ទីនោះជា «អន្ទាក់ ជាការសម្លាប់»។

ក្រុមគ្រូពេទ្យបញ្ជាក់ថា យ៉ាងតិច៥១នាក់ស្លាប់ និង២០០នាក់រងរបួស។
ហើយមនុស្សយ៉ាងតិច១៤នាក់ផ្សេងទៀតក៏ត្រូវបានសម្លាប់ក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នានៅកន្លែងផ្សេងទៀតដែរ។ នេះជាហេតុការណ៍ចុងក្រោយក្នុងការសម្លាប់រង្គាលស្ទើរតែរាល់ថ្ងៃលើជនជាតិប៉ាឡេស្ទីនដែលស្វែងរកជំនួយ ចាប់តាំងពីអ៊ីស្រាអែលបន្ធូរបន្ថយការបិទខ្ទប់។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបញ្ជូនជំនួយភាគច្រើនតាមរយៈមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដែលគាំទ្រដោយអាមេរិក និងអ៊ីស្រាអែល។ UN ច្រានចោលប្រព័ន្ធនេះថា មិនគ្រប់គ្រាន់ គ្រោះថ្នាក់ និងរំលោភគោលការណ៍អព្យាក្រឹតភាព។ អ៊ីស្រាអែលអះអាងថា ប្រព័ន្ធនេះចាំបាច់ដើម្បីរារាំងក្រុមហាម៉ាស់ពីការបង្វែរជំនួយ៕