(បរទេស)៖ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ថ្មីៗនេះ បានជំរុញប្រជាពលរដ្ឋរបស់ខ្លួនឱ្យលុបកម្មវិធីផ្ញើសារ WhatsApp ចេញពីឧបករណ៍របស់ពួកគេ ដោយអះអាងថា កម្មវិធីនេះប្រមូលព័ត៌មានអ្នកប្រើប្រាស់ដើម្បីផ្ញើទៅឱ្យអ៉ីស្រាអែល ប៉ុន្តែការអះអាងនេះមិនមានផ្តល់ភស្តុតាងនោះទេ។ ការណែនាំនេះកើតឡើងចំពេលមានរបាយការណ៍អំពីសកម្មភាពសង្គ្រាមបច្ចេកវិទ្យារវាងអ៉ីរ៉ង់ និងអ៉ីស្រាអែលដែលកំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។
WhatsApp ដែលជាកម្មសិទ្ធិរបស់ Meta Platforms បានបដិសេធការចោទប្រកាន់ទាំងនេះ ដោយបញ្ជាក់ថាពួកគេមិនតាមដានទីតាំងជាក់លាក់របស់អ្នកប្រើប្រាស់ មិនរក្សាកំណត់ត្រាអ្នកផ្ញើសារទៅអ្នកណានោះទេ ហើយក៏មិនតាមដានសារផ្ទាល់ខ្លួនដែរ។ ក្រុមហ៊ុនបានសង្កត់ធ្ងន់លើការប្រើប្រាស់ការអ៊ិនគ្រីប end-to-end encryption ដែលវាជាបច្ចេកវិទ្យាមួយត្រូវបានបង្កើតឡើងដើម្បីការពារមិនឱ្យអានសារបានឡើយ សូម្បីតែអ្នកផ្ដល់សេវាកម្មក៏មិនអាចចូលអានបានផងដែរ។
នេះមិនមែនជាលើកទីមួយទេដែលអ៉ីរ៉ង់កំណត់គោលដៅលើ WhatsApp។ កម្មវិធីនេះធ្លាប់ត្រូវបានហាមឃាត់កាលពីឆ្នាំ ២០២២ ក្នុងអំឡុងពេលមានបាតុកម្មទ្រង់ទ្រាយធំ ហើយការហាមឃាត់នោះត្រូវបានដកចេញនៅចុងឆ្នាំ២០២៤។ អ៉ីរ៉ង់មានប្រវត្តិនៃការទប់ស្កាត់បណ្ដាញសង្គមផ្សេងៗ និងរឹតត្បិតការចូលប្រើប្រាស់អ៉ីនធឺណិត ជាញឹកញាប់ដើម្បីឆ្លើយតបនឹងបាតុកម្ម ឬដើម្បីគ្រប់គ្រងលំហូរព័ត៌មាន។ ប្រជាជនអ៉ីរ៉ង់ជាច្រើនពឹងផ្អែកលើប្រូកស៊ី និង VPN ដើម្បីឆ្លងកាត់ការរឹតបន្តឹងទាំងនេះ។
ការអំពាវនាវឱ្យលុប WhatsApp នៅពេលនេះ ហាក់ដូចជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់អាជ្ញាធរអ៉ីរ៉ង់ដើម្បីគ្រប់គ្រងវិសាលភាពឌីជីថល ជាពិសេសក្នុងបរិបទនៃភាពតានតឹងដែលកំពុងកើនឡើង និងការចោទប្រកាន់ពីការវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណិត។ អ៉ីរ៉ង់ក៏ត្រូវបានគេរាយការណ៍ថាកំពុងរឹតត្បិតការចូលប្រើប្រាស់អ៉ីនធឺណិត ដោយអ្នកតាមដានអ៉ីនធឺណិតសកលមួយចំនួនបានកត់សម្គាល់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃចរាចរណ៍។ សកម្មភាពទាំងនេះជាញឹកញាប់ត្រូវបានរដ្ឋាភិបាលអ៉ីរ៉ង់បង្ហាញអំពីភាពត្រឹមត្រូវថា ជាវិធានការដើម្បីទប់ទល់នឹងការគំរាមកំហែងពីខាងក្រៅ និងរក្សាសន្តិសុខជាតិ៕