(KANANASKIS, កាណាដា)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចាកចេញពីកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 នៅថ្ងៃអង្គារ​ ទី១៧ ខែមិថុនា ត្រឡប់ទៅផ្ទះវិញដោយទទួលបានជំនួយថ្មីពីកាណាដាជាម្ចាស់ផ្ទះ ប៉ុន្តែគ្មានសេចក្ដីថ្លែងការណ៍រួមគាំទ្រពីសមាជិក G7 ឬឱកាសជួបជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមប្រទេស G7 រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី និងជប៉ុន មិនអាចស្វែងរកការឯកភាពគ្នាស្ដីពីសង្រ្គាមនៅអ៊ុយក្រែនឡើយ បន្ទាប់ពីលោក ត្រាំ បង្ហាញការគាំទ្រដល់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងបានចាកចេញពីកិច្ចប្រជុំមុនមួយថ្ងៃដោយសារតែជម្លោះរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់។ កាណាដា បានបោះបង់ចោលផែនការដើម្បីឱ្យ G7 ចេញសេចក្ដីថ្លែងការណ៍រួមដ៏រឹងមាំមួយលើសង្រ្គាមនៅអ៊ុយក្រែន ដោយសារតែមានការជំទាស់ពីសហរដ្ឋអាមេរិក។ នេះបើតាមក្រុមមន្ត្រីកាណាដាប្រាប់ក្រុមអ្នកសារព័ត៌មាន។

យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថាទីក្រុង Ottawa នឹងផ្ដល់ជំនួយយោធាថ្មីទំហំទឹកប្រាក់ ១.៤៧ពាន់លានដុល្លារ ទៅឱ្យទីក្រុងកៀវ ព្រមទាំងដាក់ចេញទណ្ឌកម្មហិរញ្ញវត្ថុថ្មីមួយប្រឆាំងរុស្ស៉ី។ លោក ហ្សេលេនស្គីវិញ បានប្រាប់មេដឹកនាំ G7 ថាការទូតសព្វថ្ងៃកំពុងស្ថិតក្នុងវិបត្តិ ហើយថា ពួកគេចាំបាច់ត្រូវតែបន្តអំពាវនាវឱ្យលោក ត្រាំ ប្រើប្រាស់ឥទ្ធិពលពិតប្រាកដរបស់លោក ដើម្បីបង្ខំឱ្យរុស្ស៉ីបិទបញ្ចប់សង្រ្គាម។

គួរបញ្ជាក់ថា បើតាមសេតវិមាន លោក ត្រាំ បានពន្យល់ថាលោកចាកចេញពីកិច្ចប្រជុំមុនពេល ត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ដើម្បីបើកកិច្ចប្រជុំជាមួយ ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកដោយផ្ទាល់ ល្អប្រសើរជាងពិភាក្សាតាមទូរស័ព្ទ ជុំវិញជម្លោះរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់៕