(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បាននិយាយថា ប្រទេសរបស់លោកនឹងផ្តើមការចរចាលើភាពជាដៃគូផ្នែកសន្តិសុខ និងការពារជាតិជាមួយសហភាពអឺរ៉ុប (EU) ហើយក៏រំពឹងទុកផងដែរ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ ២០២៥។
លោក Albanese បានជួបប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ខាងក្រៅកិច្ចប្រជុំកំពូល G7 នៅកាណាដា ដោយបានពិភាក្សាគ្នាលើសំណើរបស់ EU សម្រាប់ភាពជាដៃគូផ្នែកការពារជាតិ ដែលមិនជាប់កាតព្វកិច្ចដាក់ពង្រាយយោធា។ លោក Albanese ប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «យើងមើលឃើញថា នេះជាក្របខណ្ឌដ៏សំខាន់មួយ សម្រាប់កិច្ចសហប្រតិបត្តិការបច្ចុប្បន្ន និងអនាគតក្នុងវិស័យ ដូចជា ឧស្សាហកម្មការពារជាតិ សន្តិសុខអ៉ីនធឺណិត និងប្រឆាំងភេរវកម្ម»។
តាមលោក Albanese ភាពជាដៃគូអូស្រ្តាលីជាមួយ EU អាចជាឱកាសនាំប្រយោជន៍ដល់ឧស្សាហកម្មការពារជាតិ និងបង្ហាញពីទំនាក់ទំនងជ្រាលជ្រៅនៃសន្តិសុខអឺរ៉ុប និងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក។ ក្រៅពីនោះ ក៏នឹងមានការចរចារឡើងវិញ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដាច់ដោយឡែកមួយ ជាមួយ EU ផងដែរ៕