(ហ្សាកាតា)៖ ប្រទេសឥណ្ឌូណេស៊ី បានប្រកាសនៅថ្ងៃពុធ ទី១៨ ខែមិថុនា ថា ខ្លួនបានរៀបចំផែនការដើម្បីជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចំនួន ៣៨៦នាក់ចេញពីប្រទេសអ៊ីរ៉ង់ ចំពេលមានភាពតានតឹងផ្នែកយោធាកើនឡើងខ្លាំង បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Xinhua។
លោក Judha Nugraha នាយកផ្នែកការពារប្រជាពលរដ្ឋនៃក្រសួងការបរទេសឥណ្ឌូណេស៊ី បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ក្រសួងបានជំរុញឲ្យពលរដ្ឋឥណ្ឌូណេស៊ីទាំងអស់រក្សាការប្រុងប្រយ័ត្ន និងតាមដានយ៉ាងដិតដល់នូវជម្លោះនៅក្នុងប្រទេសអ៊ីរ៉ង់។ លោកបានបញ្ជាក់ថា «សម្រាប់ពួកយើង ស្ថានភាពបច្ចុប្បន្នគឺស្ថិតក្នុងកម្រិតប្រកាសអាសន្នទី២ ប៉ុន្តែគ្រប់ពេលវេលា ប្រសិនបើមានការកើនឡើងជម្លោះ យើងអាចដំឡើងវាដល់កម្រិតប្រកាសអាសន្នទី១ និងអនុវត្តដំណើរការជម្លៀសចេញ»។
លោកក៏បានណែនាំពលរដ្ឋដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ ឲ្យជៀសវាងការចាកចេញពីផ្ទះសម្រាប់ហេតុផលមិនចាំបាច់ និងត្រូវរក្សាទំនាក់ទំនងជាមួយស្ថានទូតឥណ្ឌូណេស៊ីនៅទីក្រុងតេអេរ៉ង់។ សម្រាប់ពលរដ្ឋឥណ្ឌូណេស៊ីដែលមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល ស៊ីរី លីបង់ ឬយេម៉ែន ក្រសួងបានណែនាំឲ្យពួកគេពន្យារពេលការធ្វើដំណើររបស់ខ្លួន។
គួរបញ្ជាក់ថា ការរៀបចំផែនការជម្លៀសនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមប្រទេសនានា អំពីសក្ដានុពលនៃជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ ដែលអាចរីករាលដាលទៅជាសង្គ្រាមក្នុងតំបន់ទ្រង់ទ្រាយធំ៕