(បាងកក)៖ គណបក្ស Bhumjaithai នៅថ្ងៃពុធ ទី១៨ ខែមិថុនា បានប្រកាសពីការដើរចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្ស Pheu Thai ភ្ជាប់ជាមួយការអំពាវនាវឱ្យនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ទទួលខុសត្រូវលើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានបែកធ្លាយ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ The Nation។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន គណបក្ស Bhumjaithai បានលើកឡើងថាកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកស្រី Paetongtarn និងសម្ដេចតេជោ ហ៊ុន សែន បានបង្កផលប៉ះពាល់ដល់អធិបតេយ្យ បូរណភាពទឹកដីរបស់ថៃ និងយោធាថៃ។

សេចក្ដីថ្លែងការណ៍ដដែល បានឱ្យដឹងទៀតថា គណៈកម្មាធិការប្រតិបត្តិរបស់បក្សបានកោះប្រជុំជជែកពិភាក្សាពីបញ្ហា និងបានសម្រេចចិត្តដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ ដោយរដ្ឋមន្ត្រីរបស់ខ្លួនទាំងអស់ ៨នាក់បានដាក់លិខិតលាលែងចេញពីតំណែងជូននាយករដ្ឋមន្ត្រី ដែលនឹងចូលជាធរមាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ភាពតានតឹងនៃទំនាក់ទំនងនយោបាយរវាងគណបក្ស Pheu Thai និង Bhumjaithai បានឡើងកម្ដៅដល់កំពូល ខណៈគណបក្សទាំង២ កំពុងតតាំងគ្នាដើម្បីគ្រប់គ្រង ក្រសួងមហាផ្ទៃ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra បាននិយាយថាគណបក្ស Pheu Thai គួរតែជាអ្នកគ្រប់គ្រងក្រសួងមហាផ្ទៃ។ លោកស្រី Paetongtarn Shinawatra ត្រូវបានរាយការណ៍ថា បានផ្ដល់តំណែងរដ្ឋមន្ត្រីចំនួន២ គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈ រដ្ឋមន្ត្រីខុទ្ទការល័យនាយករដ្ឋមន្ត្រី ទៅឱ្យគណបក្ស Bhumjaithai ដើម្បីដូរយកក្រសួងមហាផ្ទៃ។ Bhumjaithai មានពេល៤៨ម៉ោង ដើម្បីផ្ដល់ចម្លើយ នៅត្រឹមម៉ោង ៣៖០០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា។ តែលោក Anutin Charnvirakul ជាមេដឹកនាំគណបក្ស Bhumjaithai បានច្រានចោលសំណើ របស់លោកស្រី Paetongtarn៕