(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា នាយករដ្ឋមន្រ្តីនៃប្រទេសថៃ លោកស្រី Paetongtarn Shinawatra បានធ្វើការសុំអភ័យទោសសម្រាប់សំឡេងកិច្ចសន្ទនាទូរស័ព្ទ ដែលត្រូវបានបែកធ្លាយ ហើយលោកស្រី បានធានាចំពោះយោធាថៃ នូវកិច្ចសហប្រតិបត្តិការរបស់លោកស្រី លើបញ្ហាសន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។
លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធទាមទារឱ្យចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមរទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ លើសពីនេះទៅទៀត រដ្ឋាភិបាលចម្រុះរបស់លោកស្រី កំពុងប្រឈមមុខនឹងការដួលរលំផងដែរ ក្រោយគណបក្ស Bhumjaithai ប្រកាសដកខ្លួនចេញពីក្រុមចម្រុះ៕