(តេហេរ៉ង់)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹងការចូលរួមក្នុងសង្រ្គាមរបស់អ៉ីស្រាអែល ហើយបានអះអាងថា អ៉ីរ៉ង់ត្រៀមលក្ខណៈជាស្រេចដើម្បីការពារខ្លួន ក្នុងករណីជម្លោះកាន់តែកើនឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អនុរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Kazem Gharibabadi បាននិយាយដូច្នេះថា «ប្រសិនបើសហរដ្ឋអាមេរិក ចង់លូកដៃចូលរួមក្នុងសង្រ្គាមរបស់របប Zoinist (អ៉ីស្រាអែល) អ៉ីរ៉ង់នឹងចាំបាច់ត្រូវប្រើប្រាស់ឧបករណ៍ទាំងអស់ដែលខ្លួនមាន ដើម្បីផ្តល់មេរៀនដល់ពួកឈ្លានពាន និងដើម្បីការពារសន្តិសុខជាតិ ក៏ដូចជាផលប្រយោជន៍ជាតិរបស់ខ្លួន។ ជម្រើសចាំបាច់ទាំងអស់ នឹងស្ថិតនៅលើតុ»

គួរបញ្ជាក់ថា មកទល់ពេលនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងទុកឱ្យពិភពលោកឆ្ងល់ថា តើសហរដ្ឋអាមេរិក នឹងចូលរួមក្នុងការវាយប្រហាររបស់អ៉ីស្រាអែល លើរោងចក្រនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ដែរឬក៏យ៉ាងណា ខណៈសង្រ្គាមផ្លូវអាកាសរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ បានឈានចូលថ្ងៃទី៧៕