(ប៉េកាំង)៖ ប្រមុខរដ្ឋនៃប្រទេសទាំង៦ បានចុះហត្ថលេខាលើសេចក្តីប្រកាសក្រុង Astana និងសន្ធិសញ្ញាស្តីពី ភាពជាអ្នកជិតខាងល្អជានិរន្តរ៍ និងកិច្ចសហប្រតិបត្តិការមិត្តភាព កិច្ចប្រជុំកំពូលប្រកាសថាបានចុះហត្ថលេខាលើ ឯកសារសហប្រតិបតិ្តការ១២ច្បាប់ បញ្ជីសមិទ្ធផលនៃកិច្ចប្រជុំកំពូលមានចំនួនលើសពី១០០គម្រោង ។ល។
នៅថ្ងៃទី១៧ ខែមិថុនា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលលើកទី២ចិន-អាស៊ីកណ្តាលដែលបើកធ្វើនៅក្រុង Astanaប្រទេសកាហ្សាក់ស្ថាន បានឈានដល់មតិឯកភាពរួមមួយចំនួន។ ជាពិសេស លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងពី "ស្មារតីចិន-អាស៊ីកណ្តាល" ជាលើកដំបូងខណៈពេលថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូល ដែលបានផ្តល់ការណែនាំដ៏សំខាន់ សម្រាប់ធ្វើឱ្យកិច្ចសហប្រតិបតិ្តការបន្តទៅគ្រប់ជំនាន់។
ចាប់ពីកិច្ចប្រជុំកំពូលលើកដំបូងចិន-អាស៊ីកណ្តាលក្រុងស៊ីអាន កាលពីឆ្នាំ២០២៣មក យន្តការចិន-អាស៊ីកណ្តាល មានភាពកាន់តែចាស់ទុំពីមួយថ្ងៃទៅមួយថ្ងៃ វេទិកាកិច្ចសហប្រតិបតិ្តការ ថ្នាក់ក្រសួងចំនួន១៣ បានដំណើរការ ប្រកបដោយប្រសិទ្ធភាព។ ចាប់ពីគម្រោងផ្លូវដែកចិន កៀហ្ស៉ីស៊ីស្ថាននិងអ៊ូបេសគីស្ថានចាប់ដំណើរការជាផ្លូវការ ដល់ច្រករបៀងដឹកជញ្ជូនអន្តរជាតិ ឆ្លងសមុទ្រកាស្ពៀន ត្រូវបានលើកកម្ពស់គុណភាពនិងពង្រីក រហូតដល់ទីក្រុង នៃប្រទេសចិនកាន់តែច្រើន បានបើកខ្សែផ្លូវរថភ្លើងចិន-អាស៊ីកណ្តាល ប្រការទាំងនេះ សុទ្ធតែបានសបញ្ជាក់ឱ្យឃើញ នូវកិច្ចសហប្រតិបតិ្តការថ្មីនិងការរីកចម្រើនថ្មី ដើមទទឹម៦ដើមដែលប្រមុខរដ្ឋនៃប្រទេសទាំង៦ បានរួមគ្នាដាំនៅ២ឆ្នាំមុន សព្វថ្ងៃនេះបានចេញជាផ្លែផ្កាពេញមែក។
បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញនិងបម្រែបម្រួល ការប៉ះទង្គិចខាងនភូមិសាស្ត្រនយោបាយ កើតមានជាបន្តបន្ទាប់ ការពារនិយម ឯកតោភាគីនិយម និងអនុត្តរភាពនិយមបានងើបឡើងវិញ។ ការស្វែងរកសាមគ្គីភាព ជំរុញស្ថិរភាពនិងស្វែងរកការអភិវឌ្ឍ ជាគោលបំណងរួមក្នុងតំបន់។ នៅលើមាគ៌ាសម្រាប់រួមគ្នាសម្រេចបាន នូវទំនើបកម្ម លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងគំនិតផ្តួចផ្តើម៥ចំណុច ដោយបានគូសបញ្ជាក់ពី "ប្រកាន់ខ្ជាប់នូវគោលបំណងដើម នៃសាមគ្គីភាព ដែលមានទំនុកចិត្តចំពោះគ្នាទៅវិញទៅមក និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក " "កែលម្អប្លង់ កិច្ចសហប្រតិបតិ្តការជាក់ស្តែង ដែលមានប្រសិទ្ធភាពខ្ពស់ និងមានភាពស៊ីសង្វាក់គ្នាយ៉ាងស៊ីជម្រៅ " "បង្កើតរចនាសម័្ពន្ធសន្តិសុខ ដែលប្រកបដោយសន្ដិភាព ស្ថិរភាពនិងរួមសុខរួមទុក្ខ " "រឹតចំណងទំនាក់ទំនងរវាងប្រជាជន ដែលមានចិត្តមួយថ្លើមមួយ មានការយល់ដឹងពីគ្នានិងមានភាពស្និទ្ធស្នាល" "គាំពារសណ្តាប់ធ្នាប់អន្តរជាតិដែលសមភាព សមហេតុផល ស្មើភាពនិងប្រកបដោយរបៀបរៀបរយ" ។ គំនិតផ្តួចផ្តើមទាំងនេះ បានគ្រោងផែនការគោលថ្មីសម្រាប់ជំរុញ ការអភិវឌ្ឍនៃ កិច្ចសហប្រតិបតិ្តការក្នុងតំបន់ប្រកបដោយគុណភាពខ្ពស់។
តាំងពីដើមមក កិច្ចសហប្រតិបតិ្តការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជានិមិត្តសញ្ញាដ៏លេចធ្លោនៃកិច្ចសហប្រតិបតិ្តការចិន និងអាស៊ីកណ្តាល។ នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយប្រទេសអាស៊ីកណ្តាល បានឡើងដល់ ៩៤,៨ប៊ីលានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្រ។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ លោកប្រធាន Xi Jinping បានលើកឡើងថា គួរផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបតិ្តការលើវិស័យភាពរលូនពាណិជ្ជកម្ម ការបណ្តាក់ទុនខាងឧស្សាហកម្ម និងការតភ្ជាប់គ្នាជាដើម រីករាយចែករំលែក បទពិសោធអភិវឌ្ឍន៍ និងសមិទ្ធផលបច្ចេកវិទ្យាថ្មីបំផុត ជាមួយប្រទេសអាស៊ីកណ្តាល ជំរុញការតភ្ជាប់គ្នានៃហេដ្ឋារចនាសម័្ពន្ធឌីជីថល បង្កើនកិច្ចសហប្រតិបតិ្តការផ្នែកបញ្ញាសិប្បនិម្មិត បណ្តុះបណ្តាលកម្លាំងផលិតកម្មគុណភាពថ្មី ហើយរីករាយផ្តល់ជំនួយឥតសំណងចំនួន ១៥០០លានដុល្លារអាមេរិក ដល់ប្រទេសអាស៊ីកណ្តាល សម្រាប់អនុវត្តគម្រោងកែលម្អជីវភាពរស់នៅ និងការអភិវឌ្ឍដែលប្រទេសនានាយកចិត្តទុកដាក់។
ពី "ទស្សនទានក្រុងស៊ីអាន" ដល់ "គំនិតឯកភាពរួមនៅក្រុង Astana " ក្រោមការណែនាំពីយុទ្ធសាស្ត្រនៃប្រមុខរដ្ឋប្រទេស៦ "ស្មារតីចិន-អាស៊ីកណ្តាល" នឹងធ្វើឱ្យកិច្ចសហប្រតិបតិ្តការរវាងគ្នានិងគ្នា មានភាពកាន់តែស្អិតល្មួត ក៏ដូចជាជំរុញឱ្យបង្កើត សហគមន៍រួមវាសនារវាងចិន-អាស៊ីកណ្តាលដែលមានភាពកាន់តែជិតសិ្នទ្ធ៕
វិទ្យុមិត្តភាពកម្ពុជាចិន