(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងត្រៀមលក្ខណៈធ្វើដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជា-​ថៃ ស្ថិតនៅក្នុងខេត្ត Ubon Ratchathani ដើម្បីចែកចាយស្បៀង និងសម្ភារៈផ្សេងៗ ក៏ដូចជាផ្ដល់ការគំាទ្រលើកទឹកចិត្តដល់ទាហានថៃជួរមុខ និងជួបជាមួយមេបញ្ជាការភូមិភាគ២ លោក Boonsin Padklang ដើម្បីជម្រះ មន្ទិលសង្ស័យរវាងគ្នា ពាក់ព័ន្ធនឹងការបែកធ្លាយកិច្ចសន្ទនារបស់លោកស្រីជាមួយសម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមកាសែតថៃ Khaosod។

តាមការគ្រោងទុក លោកស្រី Paetongtarn ចេញដំណើរពីទីក្រុងបាងកក ឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃសុក្រស្អែកនេះ។ មុននឹងចេញដំណើរ លោកស្រី នឹងដឹកនាំ កិច្ចប្រជុំមួយនៅឯការិយាល័យរដ្ឋាភិបាលដើម្បីតាមដាន និងផ្ដល់ជំនួយដល់ប្រជាជនថៃរស់នៅតាមបណ្ដោយព្រំដែន។

លោកស្រី Paetongtarn នឹងធ្វើទស្សនកិច្ចទៅកាន់តំបន់ពំ្រដែន Chong Bok ក្នុងស្រុក Nam Yuen នៃខេត្ត Ubon Ratchathani ហើយបន្ទាប់មក នឹងធ្វើដំណើរតាមឧទ្ធម្ភាចក្រ ឆ្ពោះទៅកាន់តំបន់ Dom Pradit ក្នុងស្រុក Nam Yuen។ នៅម៉ោង១រសៀលថ្ងៃសុក្រ លោកស្រីនឹងធ្វើដំណើរតាមរថយន្ដឆ្ពោះទៅកាន់មូលដ្ឋានប្រតិបត្តិការរបស់ថៃ ដើម្បីជួបទាហានថៃ៕