(អូតាវ៉ា)៖ នាយករដ្ឋមន្រ្តី លោក Mark Carney បាននិយាយថា កាណាដានឹងបង្កើនការយកពន្ធពីសហរដ្ឋអាមេរិក លើផលិតផលដែកថែប និងអាលុយមីញ៉ូម ប្រសិនបើមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយ ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងរយៈពេល ៣០ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ ២០២៥។
លោក ត្រាំ បានដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីកម្រិត ២៥ភាគរយដល់ ៥០ភាគរយ នៅក្នុងខែនេះ ដែលជំរុញឱ្យឧស្សាហកម្មផលិត អំពាវនាវឱ្យមានការឆ្លើយតបជាផ្លូវការ។ ចំណាត់ការរបស់លោក ត្រាំ អាចប៉ះពាល់ដល់កាណាដា ដែលជាប្រទេសអ្នកលក់លោហធាតុធំជាងគេ ទៅកាន់សហរដ្ឋអាមេរិក។
លោក Carney បានប្រាប់សន្និសីទសារព័ត៌មាន យ៉ាងដូច្នេះថា «កាណាដា នឹងកែសម្រួលពន្ធដែលមានស្រាប់ លើផលិតផលដែកថែប និងអាលុយមីញ៉ូម របស់សហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែកក្កដា ឱ្យដល់កម្រិតមួយ ដែលស្របតាមវឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា កាណាដា និងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងការចរចាដើម្បីស្វែងរក កិច្ចព្រមព្រៀងពាណិជ្ជកម្ម សំដៅដោះស្រាយការដំឡើងពន្ធដែលលោក ត្រាំ បានដាក់ចេញ។ លោក Carney បាននិយាយកាលពីដើមសប្តាហ៍ថា មានការឯកភាពជាមួយលោក ត្រាំ ថាប្រទេសទាំងពីរគួរតែអាចឈានដល់ការសម្រេចចិត្ត ក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងសន្តិសុខថ្មីមួយ ត្រឹមថ្ងៃទី២១ ខែកក្កដា៕